ខេត្តបាត់ដំបង៖ រថយន្តដឹកភ្ញៀវទេសចរឡើងភ្នំសំពៅ មួយគ្រឿង ពេលចុះមកវិញ ស្រាប់តែរេចង្កូតក្រឡាប់ បណ្តាលឱ្យមនុស្សរបួសធ្ងន់ស្រាល១០នាក់ក្នុងចំណោម១៥នាក់និងឆេះរថយន្ត១គ្រឿង។ហេតុកាណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៨ខែមីនា នៅឃុំភ្នំសំពៅ ស្រុកបាណន់ ។

មន្ត្រីអាវុធហត្ថស្រុកបាណន់ បានឱ្យដឹងថាមុនពេលកើតហេតុ មានរថយន្តឈ្នួលមួយគ្រឿងម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2A 3420 ដឹកភ្ញៀវចំនួន១៥នាក់ ឡើងភ្នំសំពៅ ។ លុះត្រឡប់ចុះពីលើភ្នំមកក្រោមវិញ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវបណ្ដាលឱ្យក្រឡាប់ និងឆេះរថយន្តមួយគ្រឿង និងរបួសមនុស្ស១០នាក់ ក្នុងនោះស្រាល៦នាក់ ធ្ងន់៤នាក់ ។

ក្រោយពេលកើតហេតុ អ្នកបើកបរឈ្មោះ សេង សុភាព ហៅអ៊ួ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅជំនាញការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់។ ដោយឡែក អ្នករបួសធ្ងន់ស្រាលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង តាមរថយន្តឯកជន៕