ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងមានការអញ្ជើញចូលរួម័អមដំណើរពីក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្រ្តីរដ្ឋបាលក្រុង កាកបាទក្រហមកម្ពុជាខេត្ត យុវជនស្ម័គ្រចិត្ត អធិការដ្ឋាននគរបាលក្រុង លោកចៅសង្កាត់ មេភូមិ និងសហការី អញ្ជើញចុះសួរសុខទុក្ខបងប្អូនអាជីវករអ្នករងគ្រោះឆេះតូបលក់ស្បែកជើងក្នុងផ្សារព្រៃវែង ដែលស្ថិតក្នងភូមិលេខ ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បណ្ដាលឲ្យខូចខាតសំភារៈចំនួន ៤ តូប ត្រូវបាត់បង់ទាំងស្រុង ។

ស្ថិតក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត ក៏បានសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករ និងការរំលែក សោកស្តាយនូវការបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូន។ បន្ទាប់មកឯកឧត្ដមអភិបាលខេត្ត បានប្រគល់សម្ភារៈ មានមីម៉ាម៉ា ៥កេះ, ត្រីខ ២យួរ, ទឹកត្រី ២យួរ, ទឹកសីុវ ២យួរ,អង្ករ ៥០គីឡូក្រោម និងឃីតចំនួន១ កញ្ចប់ សម្រាប់មួយគ្រួសារៗ និងថវិការបស់កាកបាទក្រហមកម្ពុជាខេត្តចំនួន៤០០.០០០៛ ថវិកាឯកឧត្តម អ៊ុក សិទ្ធិជាតិ ប្រធានក្រុមការងារចុះជួយក្រុង ចំនួន ២០០,០០០៛ និងថវិកាឯកឧត្តមផ្ទាល់ចំនួន ២០០,០០០៛ ក្នុងមួយគ្រួសារទទួលបាន ៨០០,០០០៛ សរុបថវិការួមទាំងបួនគ្រួសារចំនួន ៣,២០០,០០០៛ ដើម្បីជួយសម្រួលទុកលំបាកផងដែរ។

សូមបញ្ជាក់ផងដែរថាករណីភ្លើងឆេះតូបនៅក្នុងផ្សារព្រៃវែងនេះ បើតាមសមត្ថកិច្ចបានឲ្យដឹងថាគឺកើតឡើងនៅវេលាថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៩ នៅវេលាម៉ោង ៦,០៥ នាទីល្ងាច ។ដែលបណ្តាលអោយឆេះតូបចំនួន ៤ ក្នុងនោះមានតូបលក់ស្បែកជើងនិងកាបូបចំនួន២តូប និងតូបលក់អីវ៉ាន់ចាប់ហួយ ចំនួន ២ តូប។

ចំពោះការខូចខាតអស់ទឹកប្រាក់ប្រហែលជាង ៣២,០០០ ដុល្លារ ។ ហើយចំពោះករណី កើតហេតុខាងលើនេះសមត្ថកិច្ច បានប្រើប្រាស់ ឡានពន្លត់អគ្គីភ័យ ចំនួន 5 គ្រឿង ក្នុងការពន្លត់ភ្លើងអោយបានទាន់ពេលវេលានិងមិនបន្តអោយរាលដាលដល់តូបលក់ដូរដ៏ទៃឡើយ ។ចំពោះមូលហេតុដែលបណ្តាលអោយឆេះនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេគឺកំពុងតែបន្តការស្រាវជ្រាវដើម្បីស្វែងរកមូលហេតុនៃការឆេះតូបនៅក្នុងផ្សារព្រៃវែងនេះ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ និងដល់បងប្អូនប្រជាពលរដ្ឋអាជីវករ ក្នុងការជួយទប់ស្កាត់ពន្លាត់ភ្លើងឆេះនេះ បានទាន់ពេល ដែលមិនបណ្តាយអោយខូចខាតដល់តូបលក់ដ៏ទៃទៀត។

ឯកឧត្តមក៏បានសុំអោយបងប្អូនអាជីវករ ដោយសារបច្ចុប្បន្នមានអាកាសធាតុប្រែប្រួល និងឡើងកំដៅផង សូមអោយមានការប្រុងប្រយ័ត្នទាំងអស់គ្នា ៕