ខេត្តពោធិ៍សាត់៖ ក្រោយទទួលបណ្ដឹងអាណាព្យាបាលក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង។
ជនសង្ស័យ ឈ្មោះ ផន ពយ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនៗក្នុងបន្ទុកគ្រួសារ មានទីលំនៅ ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ ហើយត្រូវជាឪពុកមាសាច់ថ្លៃ ជនរងគ្រោះផងដែរ ។ ចំណែកជនរងគ្រោះ មានអាយុ១៥ឆ្នាំ ។

កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១១កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យបានធ្វើសកម្មភាព យកខ្សែអង្រឹង ពណ៌លឿងពីរកំណាត់ និងកៅស៊ូពោះវៀនកង់ ចងដៃជើង និងយកក្រមាញ៉ុកមាត់ក្មេងស្រីរងគ្រោះ គោលបំណងប៉ុនប៉ងរំលោភ តែដោយឮសំឡេងខកៗ ទំនងជនសង្ស័យខ្លាចក្មេងស្រីរងគ្រោះស្លាប់ ក៏យកក្រមាចេញពីមាត់ធ្វើឲ្យក្មេងស្រីរងគ្រោះមានឱកាសស្រែកឲ្យប្អូនដេកក្រោមផ្ទះរត់ទៅជួយ ខណៈឪពុកម្ដាយក្មេងស្រីរវល់ទៅរកស៊ីនៅឯព្រៃរនាម។

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ អាណាព្យាបាលក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ចក៍បានចុះទៅចាប់ខ្លួនជនសង្ស័យតែម្ដង។ ជនសង្ស័យ និងវត្ថុតាង ត្រូវរៀបចំបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធី ៕