ភ្នំពេញ ៖ សន្តិសុខ​ឯកជន​ចំនួន​៣​រូប ដែលក្រុមហ៊ុនកាត់ដេរ​មួយ​កន្លែង​ជួល​ឲ្យ​មក​យាម​កាម​ ការពារ​ទ្រព្យសម្បត្តិ​ ត្រូវ​បាន​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​ថៅកែ​រោងចក្រ​ដេញ​វាយ​ផ្អើល​ដល់​កម្មករ ព្រោះ​ខឹង​នឹង​សន្តិសុខ​​ទាំង​៣​នាក់ មិន​ជួយ​ពេល​សត្វ​ឆ្កែ​ចិញ្ចឹម​មួយ​ក្បាល​(​ឆ្កែ​ប៊ែកហ្សេ​) ​ខាំ​​ជនជាតិ​ចិនម្នាក់ ជា​មិត្តភក្តិរបស់ថៅកែរោងចក្រ ឲ្យ​រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ អាគារ​C ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សន្តិសុខ​ដែល​ត្រូវ​ថៅកែ​ចិន​វាយ រួម​មាន ៖ ​ទី​១ មេ​តំបន់ មានឈ្មោះ នួន ដេ​ត អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ទួល​ពង្រ​, ទី​២ ឈ្មោះ​ទូច រុំ អាយុ​៣៣​ឆ្នាំ ស្នាក់​ក្នុង​រោងចក្រ​កើតហេតុ​, និង​ទី​៣ ឈ្មោះ​ហៀ​ង រុង អាយុ​១៩​ឆ្នាំ ស្នាក់​បន្ទប់​ជួល ក្នុង​តំបន់​កា​ណា​ស៊ី​ធី ។

បើ​តាម​សម្តី​របស់​ក្រុម​សន្តិសុខ​ខាងលើ បាន​ប្រាប់​អោយ​ដឹង​ថា មូលហេតុ​ដែល​ថៅកែ​រោងចក្រ​វាយ​ពួក​គាត់​គឺ​ផ្តើម​ចេញពី​រឿង​ឆ្កែ​ធំ​មួយ​ក្បាល ដែល​ថៅកែ​រោងចក្រ​យក​មក​ចឹ​ញ្ចឹ​ម​នៅ​ក្នុង​រោងចក្រ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ម្សិលមិញ​នេះ ឆ្កែ​ប៊ែកហ្សេ​មួយ​ក្បាល​នេះ បាន​ខាំ​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវជា​មិត្តភក្ដិ​របស់​ថៅកែ​រោងចក្រ ដែល​ទើប​មក​ពី​ស្រុក​ចិន បណ្តាល​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែង ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ផង​ដែរ ។

ក្រុម​សន្តិសុខ​ខាងលើ បន្ត​ថា ខណៈ​ពេល​ឆ្កែ​កំពុង​វាយប្រហារ​នោះ ពួក​គាត់​មិន​ហ៊ាន​ចូល​ទៅ​ជួយ​ទេ ព្រោះ​ឆ្កែ​នោះ​ធំ​ពេក ណាមួយ​ពួក​គាត់​ខ្លាច​ឆ្លែ​ខាំ​ដែរ ទើប​មិន​ហ៊ាន​ចូល​ទៅ​ជួយ ជា​ហេតុ​ធ្វើ​អោយ​លោក​ថៅកែ​រោង​ចក្រ​ខឹងសម្បារ​នឹង​ពួក​គាត់​យ៉ាង​ខ្លាំង ហើយ​បាន​ស្រែកហៅ​ពួក​គាត់​ទៅ​ជួប ពេល​នោះ​ថៅកែ​បាន​ដាល់​និង​ទាត់​ធាក់​យ៉ាង​ចាស់ដៃ​មក​លើ​ពួក​គាត់​ទាំង​កំរោល​តែ​ម្ដង ។

នៅ​រសៀល​ថ្ងៃ​ទី​១៨ មីនា នេះ​ដោយសារ​ពួក​គាត់​ទាំង​៣​នាក់ កើតទុក្ខ​មិន​សុខចិត្ត ក្រោយ​ពេល​បញ្ចប់​ការងារ​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ប្តឹង​សមត្ថកិច្ច ដើម្បី​ឲ្យ​ដោះស្រាយ​រក​យុត្តិធម៌​ផង ៕