សៀមរាប ៖ ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ទាំង​២​នាក់ បាន​ធ្វើ​សកម្មភាព​អាករ​សម្លាប់​ម្ចាស់​រថយន្ត​តាក់ស៊ី​ដើម្បី​ប្លន់​យក​រថយន្ត រួច​ទម្លាក់​សព​ម្ចាស់​រថយន្ត​តាក់ស៊ី​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ រួច​បើក​រត់គេច​ខ្លួន​បាន​ចម្ងាយ​៣០០​ម៉ែត្រ ក៏​បាន​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ​ដែល​បើក​ស្រប​ទិស​គ្នា ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង ​។

ហេតុការណ៍​អារ​.​ក​សម្លាប់​អ្នក​រត់​តាក់ស៊ី​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ជ​ញ្ជី​ញ​ថ្លឹង​រថយន្ត ក្នុង​ទឹកដី​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​មានឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ម្នាក់​ទៀត​មានឈ្មោះ NAKA KUKI RYUJI (​ជា​ជន​ដៃដល់​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូល​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ តាម​ច្រក​ប៉ោយ​ប៉ែ​ត ។

ចំណែក​ជន​រង​គ្រោះ​មាន ឈ្មោះ ហ៊ឹ​ម ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរប​រត់​រថយន្ត​តាក់ស៊ី មាន ប្រពន្ធ​ឈ្មោះ សុខ ចាន់​ធឿ​ន អាយុ​៣៨​ឆ្នាំ មានកូន​៤​នាក់ ប្រុស​៣ ស្រី​១ ទីលំនៅ​ភូមិ​ជាន់​ត្រាច ឃុំ​ឈូក​ដាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជុំវិញ​ករណី​ឃាតកម្ម​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន ចំនួន​២​នាក់ បាន​ចូល​មក​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៦ មីនា តាម​ច្រក​ប៉ោយ​ប៉ែ​ត លុះដល់​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា ជនជាតិ​ជប៉ុន​ទាំង​២​នាក់ បាន​ហៅ​តាក់ស៊ី​ម៉ាក ហា​យ​ឡិន​ឌឺ ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ 2AB 5218 ជិះ​ពី​ប៉ោយ​ប៉ែ​ត ចូល​មក​ខេត្តសៀមរាប ។ លុះ​ជិះ​មក​ដល់​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​ពួក ជនសង្ស័យ​ជនជាតិ​ជប៉ុន​ទាំង​២​នាក់ បាន​ធ្វើ​សកម្មភាព​អា​រក​ម្ចាស់​រថយន្ត​តាក់ស៊ី​នោះ រួច​ទម្លាក់​ម្ចាស់​រថយន្ត​តាក់ស៊ី​នៅ​លើ​ផ្លូវជាតិ​លេខ​៦ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ។ ក្រោយ​ពី​ទម្លាក់​ជន​រង​គ្រោះ​ចេញពី​រថយន្ដ​នៅ​ចំណុច​កើតហេតុ​ខាងលើ​រួច​មក ជនសង្ស័យ​បាន​បើករថយន្ដ​គេចខ្លួន​ទៅ​ទិស​ខាងកើត បាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ រួច​បាន​បុក​ជាមួយ​គោ​យន្ដ​កន្ដ្រៃ​ដឹកស្រូវ បើក​ស្រប​ទិស​គ្នា ធ្វើ​ឲ្យ​រថយន្ដ​បើក​ទៅ​មុខ​លែង​រួច ។ ជនសង្ស័យ​ទាំង​២​នាក់​បាន​គេចខ្លួន ហើយ​ត្រូវ​បាន​កម្លាំង​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ទាំង​២​នាក់ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ។

ក្រោយ​ពី​ចាប់ខ្លួន សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ប៉ា​ស្ព័​រ​ចំនួន​២ រថយន្ដ​១​គ្រឿង និង​សាកសព​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

បច្ចុប្បន្ន​ជនសង្ស័យជនជាតិ​ជប៉ុន​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕