ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បញ្ហា​ផ្ដាច់​ចរន្តអគ្គិសនី ក្លាយជា​ប្រធានបទ​មួយ ដែល​ប្រជាពលរដ្ឋ​ទូទៅ​លើក​ឡើង រអ៊ូរ​រទាំ និង​ហ៊ាន​ធ្វើការ​រិះគន់​លើ​បញ្ហា​នេះ ព្រោះ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ជា​ខ្លាំង ខណៈ​ដែល​ប្រភព​ដ៏​សំខាន់​នេះ គឺជា​តម្រូវការ​ចាំបាច់​បំផុត​សម្រាប់​ការ​រស់នៅ ក៏​ដូច​ជា​បំពេញ​នូវ​តម្រូវការ​អាជីវកម្ម​ផ្សេង​ៗ ។ មិនតែប៉ុណ្ណោះ ការ​កាត់​ផ្តាច់​ភ្លើង​ជា​បន្តបន្ទាប់ ស្ទើរ​គ្រប់​តំបន់​នៅ​ទូ​ទាំង​ប្រទេស​នេះ បាន​បង្ខំចិត្ត​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន សម្រាក​នៅ​ក្រៅ​ផ្ទះ​ទៀត​ផង ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ២០១៩​នេះ អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​កម្ពុជា​នៅ​មាន​កង្វះ​ថាមពល​អគ្គិសនី​ប្រមាណ​ជា​១៣​ភាគរយ ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ខណៈ​បញ្ហា​នេះ អគ្គិសនី​កម្ពុជា​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​រហូត​ដល់​រដូវវស្សា នា​ចុងខែ​ឧសភា ។

អគ្គិសនី​កម្ពុជា ក៏​បាន​គូសបញ្ជាក់​ថា ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​នេះ ធ្វើ​នៅ​ពេល​ថ្ងៃ តាម​កន្លែង​ឆ្លាស់​ៗ​គ្នា ដើម្បី​រក្សា​ការ​ផ្គត់ផ្គង់​នៅ​ពេល​យប់ ដែល​ជា​ពេល​ប្រជាពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​ចាំបាច់ ។

ក្នុង​រយៈពេល​ដែល​មានការ​លំបាក​៧២​ថ្ងៃ រហូត​ដល់​ចុងខែ​ឧសភា ដោយឡែក​ថ្ងៃ​បុណ្យ​ជាតិ រួម​នឹង​ថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​សម្រាក​សរុប​២៣​ថ្ងៃ អគ្គិសនី​កម្ពុជា នឹង​រក្សា​ការ​ផ្គត់ផ្គង់​ឲ្យ​មាន​ជា​ធម្មតា ។ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​មក​មុន​ចុង ខែឧសភា ការ​ផ្គត់ផ្គង់ នឹង​មាន​ជា​ប្រក្រតី​ឡើង​វិញ ។

ដោយឡែក ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​អគ្គិសនី​នៅ​ក្នុង​ប្រទេស អ្នកជំនាញ​ក៏​បាន​គិតគូរ ឲ្យ​អស់​លទ្ធភាព​ផ្ដុំ​គ្នា​ជាមួយ​ការ​ជួយ​ដំណើរការ​ម៉ាស៊ីនភ្លើង​ផ្ទាល់ខ្លួន ក្នុង​ការ​ផ្គត់ផ្គង់​ពេល​ថ្ងៃ សម្រាប់​ដំណើរការ​ផ្នែក​ឧស្សាហកម្ម ការ​កិនស្រូវ​អង្ករ​សម្រាប់​នាំ​ចេញ មន្ទីរពេទ្យ រដ្ឋាករទឹក ស្ថានទូត និង​ស្ថានភាព​រាជរដ្ឋាភិបាល ។

ដោយឡែក ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​អគ្គិសនី​នៅ​ក្នុង​ប្រទេស និង​ឆ្លើយ​តប តាម​ការ​សំណូមពរ​របស់​រាជរដ្ឋាភិបាល​នោះ ភាគី​ថៃ និង​ឡាវ បាន​បង្កើន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ចូល​ប្រទេស​កម្ពុជា សរុប​៤០​មេ​ហ្គា​វ៉ា​ត់​បន្ថែម​ទៀត ខណៈ​វៀតណាម​រក្សា​ការ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​នៅ​ដដែល ៕