ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមការងារ​គម្រោង បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​សម្រាប់​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ២០១៩​នេះ ។

ផ្លូវ​ល្បឿន​លឿន​ដែល​មាន​ប្រវែង ១៩០​គីឡូ​មែ​ត្រ​, ០៣៦​ម៉ែត្រ​នេះ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ នឹង​សម្ពោធ​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។

ពិធី​សម្ពោធ​បើក​ការដ្ឋាន​នៅ​ទីតាំង​ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចន្លោះ គ​.​ម​៣៩ ផ្លូវជាតិ​លេខ​៤ ។

ផ្លូវ​នេះ នឹង​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ស្ពាន ថ្នល់​ប្រទេស​ចិន​ដែល​បាន​នាំ​ចូល​គ្រឿង ចក្រ​តម្លៃ​១០០​លាន​ដុល្លារ​មក​ដល់​កម្ពុជា រួច​ហើយ ​។ ផ្លូវ​នេះ នឹង​ចេញដំណើរ​នៅ​ចំណុចប្រសព្វ​គ្នា​នៃ​ផ្លូវ​រថភ្លើង ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​កប់​ស្រូវ និង​ស្ថិត​នៅ​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​លេខ​៤ ហើយ​ផ្លូវ​នេះ នឹង​រត់​ស្របគ្នា​ជាមួយ​ផ្លូវជាតិ​លេខ​៤ ប្រមាណ ៣០​គីឡូម៉ែត្រ និង​នៅ​ពេល​ទៅ​ជិត​ដល់ទី​រួម​ខេត្តកំពង់ស្ពឺ ផ្លូវ​នេះ​នឹង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ងាក​មក​ឆ្វេង​ដៃ រហូត​ដល់​ស្រុក​ព្រៃ​នប់ ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ មក​ខាងស្តាំ​ដៃ​វិញ ហើយ​បន្ត​រហូត​ដល់​សមុទ្រ​នៃ​ទឹកដី​ក្រុងព្រះសីហនុ​តែ​ម្តង ៕