ខេត្តបាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនជនសង្ស័យវ័យចំណាស់ម្នាក់ និងប្រពន្ធ ពាក់ព័ន្ធករណីឃាតកម្មមួយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ក្នុងមូលដ្ឋានភូមិស្វាយធំ ឃុំបឹងរាំង ស្រុកំរៀង ។

កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ។
សពជនរងគ្រោះឈ្មោះ សំ ម៉ៅ អាយុ ៥១ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ។ នៅលើខ្លួនសាកសពមានស្លាកស្នាមរបួស ដោយអន្លើ និងមានចំណងកន្សែងរឹតជាប់នឹងកផង ។ ផ្តើមចេញពីបញ្ហានេះ នគរបាលបានដាក់ការសង្ស័យថា ជាករណីឃាតកម្ម ។លុះមកដល់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ ដោយបានការយល់ព្រមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងនរបាលបានសម្រេចឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ភេង ភាព អាយុ៥១ឆ្នាំ រស់នៅភូមិត្រាង ស្រុកកំរៀង ជាប្តី និងស្ត្រីជាប្រពន្ធឈ្មោះ សែត ភាព អាយុ ៥០ឆ្នាំ ដើម្បីធ្វើការស្រាវជ្រាវ ។

ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់ដំបងឫស្សី វាយសម្លាប់ជន រងគ្រោះឈ្មោះ សំ ម៉ៅ កាលពីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ ដែលក្នុងសម្មភាពនេះ ក៏បានការចូលរួមពីប្រពន្ធខ្លួនផងដែរ ហើយមូលហេតុដែលឈានដល់ការវាយសម្លាប់ជនរងគ្រោះនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌ រវាងជនរងគ្រោះជាមួយប្រពន្ធរបស់ខ្លួន នាពេលកន្លងទៅ។

ជនសង្ស័យបានសារភាពបន្តថា រយ:ពេលកន្លងទៅ ជនរងគ្រោះធ្លាប់ចេញចូលក្នុងលំនៅដ្ឋានរបស់ខ្លួន ដោយសារតែពួកខ្លួនមានទីលំនៅជិតខាងគ្នា ហើយបន្តិចម្តងៗ ខ្លួនបានផ្តើមគំនិតប្រចណ្ឌលើជនរងគ្រោះនិងប្រពន្ធខ្លួនថា មានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយធ្លាប់ហាមប្រាមឲ្យជនរងគ្រោះឈប់ចេញចូលក្នុងលំនៅដ្ឋានរបស់ខ្លួនទៀត។

នៅយប់កើតហេតុ ជនរងគ្រោះមកសុំស្នាក់នៅក្នុងផ្ទះរបស់ខ្លួន តែខ្លួនមិនឲ្យជនរងគ្រោះសម្រាកនៅក្នុងផ្ទះខ្លួន ក៍បង្កឲ្យមានជម្លោះនឹងគ្នា រហូតឈានដល់ការប្រើប្រាស់ដំបងឫស្សីវាយជនរងគ្រោះ ហើយអូសទៅទម្លាក់ក្នុងទឹកស្រះមួយកន្លែង ស្ថិតនៅក្នុងភូមិ ដោយប្រពន្ធខ្លួនបានជួយក្រៀកអូសជនរងគ្រោះ ទៅកាន់មាត់ស្រះ និងយកកន្សែង រឹតកបន្ថែមទៀតមុនពេលទម្លាក់ចូលក្នុងទឹកស្រះ ៕