កំពង់ធំ ៖ កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បាន​ចុះ​បង្ក្រាប​ទីតាំង​ធ្វើ​សិប្បកម្ម​រុករក​រ៉ែ​មាស​ខុសច្បាប់ នៅ​៣​គោលដៅ​ផ្សេង​គ្នា ស្ថិត​នៅ​ក្នុង​ឃុំ​សុខចិត្ត ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

ការ​ចុះ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​រសៀល តាំងពី​ថ្ងៃ​ទី​១១​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ដោយ​ជនជាតិ​ចិន​៨​នាក់ កំពុង​ធ្វើ​សិប្បកម្ម​រ៉ែ​ដោយ​ខុសច្បាប់ ត្រូវ​បាន​ឃាត់ខ្លួន នាំ​យក​មក​សាកសួរ ។

សូម​បញ្ជាក់​ថា ទីតាំង​តំបន់​ភ្នំ​ជី គឺជា​តំបន់​រ៉ែ​មាស ស្ថិត​នៅ​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ និង​ជា​កន្លែង​ប៉ងប្រាថ្នា​របស់​ក្រុម​អ្នក​វិនិយោគ រី​ក្រុមហ៊ុន​លោតឆ័ត្រ ដែល​ចូល​ចិត្ត​ប្រើ​ល្បិច​កន្ទេល​ធំ​បន្លំ​ដេក ដោយ​សំអាង​លើ​លិខិត​អនុញ្ញាតិ​ស្រាវជ្រាវ​រាប់​សិប​ឆ្នាំ​មក​ហើយ ហើយ​នាំ​គ្រឿងចក្រ​ទំនើបៗធុនយក្ស​មក​ប្រកប​អជីវ​កម្ម​រ៉ែ បន្តការងារ​ស្រាវជ្រាវ​រហូត​ចង់​អស់​រ៉ែ​ពី​ក្នុង​ដី ។

លទ្ធផល​បង្ក្រាប​នៅ​តំបន់​បរ​តា​ពេជ្រ សមត្ថកិច្ច​បាន​រឹបអូស​បាន​រួម​មាន ៖
ទី​១​ម៉ាស៊ីនភ្លើង​៣​គ្រឿង ម៉ាក (Nisho) Isokva និង​២​គ្រឿង​ទៀត មិន​ស្គាល់​ម៉ាក
ទី​២ ស៊ីទែន​ប្រេង Tela ចំណុះ​២,០០០​លី​ត្រ​ចំនួន​១
ទី​៣ ឌី​ណា​ម៉ូ​ចំនួន​៤​គ្រឿង (​តូច​២ ធំ​២) ក្បាល​កិន​ថ្ម​រ៉ែ​២, ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់​១​គ្រឿង
ទី​៤ អង្គប់​កិន​ថ្ម រ៉ែ​៣​គ្រឿង​, កញ្ច្រែង​រែង​ថ្ម​រ៉ែ​២​គ្រឿង​, តៅ​ច្រក​ថ្ម​រ៉ែ​១
ទី​៥ ម៉ាស៊ីនភ្លើង​តូច​១​គ្រឿង​, ម៉ាស៊ីន​ស្វាន​បាញ់​ខ្យល់​ម៉ាក (kaishan) iso១​គ្រឿង​, ម៉ាស៊ីន​យោង​ថ្ម​រ៉ែ​ម៉ាក​Jd១​គ្រឿង​, ម៉ូ​ទ័​រ​បូម​ខ្យល់​១​គ្រឿង​, ទុយោ​បូមទឹក​៤​ដុំ
និង​ទី​៦ ម៉ាស៊ីន​ខួង​ថ្ម​ម៉ាក (corteh) ១​គ្រឿង ។

តំបន់​បរ​តា​ពេជ្រ (​ទី​២)​ស្ថិត​នៅ​ឃុំ​ខាងលើ សម្ភារ​ដកហូត ៖ មិន​មាន​សម្ភារ​ដកហូត​ទេ ការិយាល័យ​ទើប​សាងសង់ ។

ចំណែក​នៅ​តំបន់​បរ​រាត្រី សមត្ថកិច្ច​បាន​ដកហូត ម្សៅ​សូ​ដា caustic soda ១​បាវ ស្មើ​២៥​គីឡូក្រាម ចំនួន​១៦០​បាវ​, អាស៊ីត​ទំ​ម្ង​ន់​២៥​គីឡូក្រាម ចំនួន​៣០​បាវ​, ម៉ាស៊ីនភ្លើង kw01​គ្រឿង​, ធុង​ជ័រ​ចំនួន​១២​ធុង​, ម៉ូ​ទ័​រ​បូមទឹក​២​គ្រឿង​, ទុយោ​ជ័រ​១​ដុំ​, ទុយោ​ជ័រ​រឹង​១​ដុំ​, ទុយោ​ជ័រ​រឹង​ខ្មៅ​២​ដុំ សម្ភារៈ​ទាំងអស់ ត្រូវ​បាន​រក្សា​ទុក​កន្លែង​មាន សុ​វត្តិភាព​។

បើ​តាម​មន្ដ្រី​ចុះ​ទៅ​ចូលរួម​មាន​អាវុធហត្ថ​ខេត្ត​១៤​នាក់ កម្លាំង​ស្រុក​៦​នាក់ រថយន្ត​៤​គ្រឿង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​, ក្រសួង​រ៉ែ និង​ថាមពល​, អភិបាលរង​ខេត្ត អភិបាលស្រុក នគរបាល​ខេត្ត ប៉ុស្តិ៍ មេឃុំ ក្រោម​ការ​សម្របសម្រួល​ដោយ លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ៕