រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩នេះ លោក កូយ សៅ អនុប្រធាននិងជាចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យចាប់ខ្លួន ដោយបានបញ្ជាដល់កងកម្លាំងសាធារណៈ ឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនលោក សម រង្ស៊ី និង បក្ខពួក៧នាក់ ជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនិងបទល្មើសក្បត់ជាតិ។

យោងតាមដីការខាងលើនេះ បានបញ្ជាក់ថា លោក សម រង្ស៊ី និងបក្ខពួក៧នាក់ផ្សេងទៀត ត្រូវបានតុលាការចេញដីការបង្គាប់ឲ្យចាប់ខ្លួន ដោយបានចោទប្រកាន់ពីបទ “រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត តាមមាត្រា៤៥៣ មាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីអំឡុងខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ។

ចំណាត់ការរបស់តុលាការ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី និងបក្ខពួក បានញុះញង់ឲ្យប្រជាពលរដ្ឋ និងទាហាន ងើបប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ។

ទោះជាយ៉ាងណា លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា សកម្មភាពរបស់លោក សម រង្ស៊ី និងបក្ខពួក គឺជាអំពើក្បត់ជាតិ ដែលញុះញង់ដើម្បីបង្កភាពវឹកវរក្នុងសង្គម ៕