បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត ឬមានជម្ងឺប្រចាំកាយ បានដេកននៀលលើថ្នល់ ស្រែកអោយគេជួយ ហើយប្រាប់ថា ពិបាកក្នុងខ្លួននិងណែនដើមទ្រូង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលលរដ្ឋនិងសមត្ថកិច្ច ចុះមកសួរនាំ ដោយ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអាហារដ្ឋានភូមិយើង តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា កម្លាំងល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចខាងលើ បានប្រទះឃើញបុរសម្នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត ឬមានជម្ងឺប្រចាំកាយ បានដេកននៀលលើថ្នល់ ហើយស្រែកអោយគេជួយផង គេពិបាកក្នុងខ្លួនណាស់ ខណៈពេលក្រឡេកមើលឆ្វេងស្ដាំ ដូចជាគ្មានអ្នកដេញវ៉ៃទេ ក៏ហៅប្រជាពលរដ្ឋឲ្យជួយលើកជនរងគ្រោះ ដាក់មកចិញ្ចើមផ្លូវ មុខអាហារដ្ឋានដើម្បីសួរនាំ ហើយបុរសនោះ គិតតែពីយំស្រែកមិនឈប់ រួចក៏ប្រញាប់ហៅរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅព្យាបាល ។

សមត្ថកិច្ចបន្តថា ក្រោយមកប្រមាណកន្លះម៉ោង ក៏មានបុរសនិងស្រ្តី២នាក់ ជិះម៉ូតូកង់បីមកដល់ បាននាំគ្នាលើកដាក់ម៉ូតូកង់បី ដោយបានអះអាងថា ជាក្រុមគ្រួសារអ្នករងគ្រោះ ប៉ុន្តែសមត្ថកិច្ចសួរនាំ ពីបុរសដែលដេកននៀល លើថ្នល់ថា មានរឿងអី បែរជាក្រុមគ្រួសារ មិនបាននិយាយទេ បានត្រឹមតែសុំទោស និងអរគុណដល់សមត្ថកិច្ច ដែលជួយអន្តរាគមន៍ រួចលើកបុរសរូបនោះ ដាក់លើកង់បីប្រាប់ថា យកទៅមន្ទីរពេទ្យ ក៏ជិះចេញទៅបាត់៕