ភ្នំពេញ៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ដោយក្រុមគ្រួសារអះអាងថា មានជំងឺសសៃប្រសាទ ខណៈពេលបើកទូកចេញទៅនេសាទត្រី នៅក្នុងទន្លេមេគង្គ នៅពេលយប់បានយកខ្សែរជ័រខ្មៅ ចងកជើងទាំង២និងចងភ្ជាប់ទៅប៊ីដុងជ័រ ដាក់ខ្សាច់៣០គីឡូលោតទឹកសម្លាប់ខ្លួន រយៈពេល២ថ្ងៃក្រោយ ទើបប្រជាពលរដ្ឋប្រទះឃើញសព អណ្តែតទឹកបង្កឲ្យមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងទន្លេរមេគង្គ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

សពមានឈ្មោះ ស្លេះ កវី អាយុ៣៣ឆ្នាំ មុខរបរអ្នកនេសាទ ស្នាក់នៅភូមិ២សង្កាត់ជ្រោយចង្វារ មានប្រពន្ធនិងកូន២នាក់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពបុរសខាងលើ បានបើកចេញទូកនៅវេលាម៉ោង១២យប់ រំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ បានប្រាប់ប្រពន្ធថា ចេញទៅនេសាទត្រីតែម្នាក់ឯង ហើយបាត់ខ្លួនតាំងពីពេលនឹងមកមិនឃើញត្រឡប់មកផ្ទះវិញទេ ហើយខាងក្រុមគ្រួសារ និងអ្នកជិតខាងបានចេញទូកទៅរកដែរ តែរកមិនឃើញ។

ប្រភពបានបន្តថា រហូតដល់ថ្ងៃកើតហេតុ ទើបត្រូវបានគេប្រទះឃើញ សពអណ្តែតទឹកទន្លេ ដោយមានខ្សែជ័រពណ៌ខ្មៅ ជាប់កជើងទាំង២ និងដោយមានបីដុងជ័រចំណុះ៣០លីត្រ ដែលក្នុងបីដុងនោះច្រកខ្សាច់ពេញ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានប្រាប់ទៅអ្នកនេសាទ ដែលស្វែងរកសពបុរសខាងលើ ហេីយក្រុមអ្នកស្វែងរក បាននាំគ្នាស្រងសាកសពមកលើទូក យកមកដាក់លើគោក។

តាមប្រភពបានបន្តទៀតថា កន្លងមកបុរសរងគ្រោះខាងលេី ធ្លាប់បានធ្វេីអត្តឃាត ម្តងរួចមកហេីយ តែមិនបានសម្រេចនោះទេ ព្រោះមានអ្នកនៅលើទូកនេសាទជាមួយ ជួយសង្គ្រោះទាន់។ លុះរហូតដល់យប់កេីតហេតុ ជនរងគ្រោះចេញទៅនេសាទតែម្នាក់ឯង ដោយប្រពន្ធហាមឃាត់មិនស្តាប់ឡេីយ គឺទៅបាត់រហូតតែម្តង។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ទាក់ទងទៅខាងសមត្ថកិច្ចផ្នែកជំនាញកោសលវិច្ច័យរាជធានី ចុះត្រួតពិនិត្យរួចហើយ បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត ដោយយកខ្សែរជ័រចងកជើងទាំង២ និងចងភ្ជាប់ទៅប៊ីងដុងដាក់ខ្សាច់៣០គីឡូ សម្លាប់ខ្លួនឯងពិតប្រាដកមែន រួចហើយធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហេីយក្រុមគ្រួសារមិនបានប្តឹងសមត្ថកិច្ចនោះទេ៕