បុរសម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានរងរបួសដាច់ម្រាមដៃចង្អុលខាងឆ្វេង បន្ទាប់ពីអាំមេកាំភ្លើងខ្លី បញ្ចូលគ្រាប់ ដើម្បីការពារលុយចំណងដៃការរបស់កូនស្រី យកត្រលប់ទៅផ្ទះវិញ បែរជារាលកៃ បណ្ដាលឲ្យផ្ទុះរបួសដៃ បង្កអោយមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅអន្តរាគមន៍កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចវិមានពិភពថ្មីសែនសុខ អាគារA ក្បែរផ្សារទំនើបអ៊ីអនទី២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះដែលរងរបួស មានឈ្មោះ ផង់ សុផល ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្រ្តីនគរបាលសក្កិ៍៣ ផ្នែកចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មន្ត្រីនគរបាលខាងលើ បានរៀបចំប្រារព្ធកម្មវិធីអាពាហ៍ពិពាហ៍ អោយកូនរបស់គាត់នៅត្រង់ចំណុច ខាងកើតហេតុខាងលើ ដោយមានភ្ញៀវកិត្តិយស ជាច្រើនកុះករបានមកចូលរួម ក្នុងកម្មវិធីនោះ និងមានការពិសាភោជនាហារ រាំរែក និងច្រៀងកំសាន្តយ៉ាងសប្បាយរីករាយ ហើយកម្មវិធីអាពាហ៍ពិពាហ៍កូនប្រុសស្រី របស់មន្ត្រីនរគបាលនេះ ក៏បានចប់ទៅដោយរលូន ចំណែកឯភ្លៀវកិត្តិយស ដែលបានមកចូលរួម ក៏បាននាំគ្នាត្រលប់ទៅផ្ទះវិញរៀងៗខ្លួនអស់បាត់ទៅ។

លុះដល់វេលាកើតហេតុ មន្ត្រីនរគបាលដែលជាឪពុក ក៏បានប្រមូលលុយចំណងដៃ របស់កូនដែលបានមកពីភ្ញៀវកិត្តិយស ចូលរួមទាំងអស់ យកទៅទុកក្នុងរថយន្ត ដែលចតនៅខាងក្រោមអាគារA ដើម្បីយកត្រលប់ទៅផ្ទះវិញ។ ខណៈពេលនោះ មានលឺដំណឹងថា មានជនមិនស្គាល់មុខ បានចូលមកក្នុងទីតាំងខាងលើ ធ្វើឲ្យមន្ត្រីនរគបាលរូបនោះ ភ័យខ្លាចត្រូវគេប្លន់ ឬអាចមានករណីផ្សេងទៀត កើតឡើងជាយថាហេតុ ក៏បានដកកាំភ្លើងខ្លីម៉ាកK54 មួយដើមរបស់គាត់ យកមកអាមេបញ្ចូលគ្រាប់ទុក ដើម្បីការពារខ្លួន និងលុយចំណងដៃរបស់កូន តែបែរជារាលកៃកាំភ្លើង បណ្តាលឲ្យផ្ទុះចំម្រាមចង្អុលដៃខាងឆ្វេង ដាច់ពាក់កណ្តាល ។

ភ្លាមៗនោះមន្ត្រីនរគបាលខាងលើ ក៏ត្រូវបានសាច់ញាតិ ក្រុមគ្រួសារដឹកយកទៅព្យាបាលភ្លាមៗ នៅឯគ្លីនិកចំរើន ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ និងចុះទៅធ្វើការសាកសួរមន្ត្រីនរគបាលខាងលើ ដែលបានទៅព្យាបាលនៅឯគ្លីនិក ចំរើន ដើម្បីធ្វើកំណត់ហេតុបញ្ចូនទៅថ្នាក់លើជាបន្តទៀត៕