នៅព្រឹកថ្ងៃទី១៥​ មីនា​ ២០១៩ដដែលនេះ​ វេលាម៉ោង១១:០០ នាទីព្រឹក បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខារួចមក សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ និង ស្វាគមន៍យ៉ាងក្កៅជាទីបំផុតចំពោះទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Moon Jae-in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ​ នៅព្រះជាណាចក្រកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍សំខាន់ណាស់សម្រាប់ធ្វើឲ្យចំណងមិត្តភាពរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានវិសាលភាពទូលំទូលាយទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលសាធារណរដ្ឋកូរ៉េសម្រេចបានក្នុងការកសាងជាតិរហូតបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននាំមុខនៅលើពីភពលោក និងធំទី៤ នៅអាស៊ី ហើយបានដើរតួនាទីយ៉ាងសកម្មនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ។ ទន្ទឹមនឹងនេះ វឌ្ឍនភាពនៃប្រទេសកូរ៉េ មិនត្រឹមតែ នាំមកនូវវិបុលភាពមកឱ្យប្រទេសប្រជាជនកូរ៉េ ប៉ុណ្ណោះទេ តែក៏បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ប្រទេសផ្សេងៗទៀតរួមទាំងកម្ពុជាផងដែរ។

សម្តេចតេជោរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលមានឆន្ទៈបន្តជួយដល់ការចំណាយកាន់តែធំក្នុងការកសាង និងអភិវឌ្ឍន៍កម្ពុជា ជាពិសេសសាធារណរដ្ឋកូរ៉េបានទទួលស្គាល់និងគាំទ្រការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងបន្តនិរន្តរភាពនៃការអភិវឌ្ឍ តាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ។ ស្ដីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា​ និងសារធាណរដ្ឋ សម្ដេចតេជោ​ និងលោកប្រធានាធិបតីបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យសំដៅ ជម្រុញថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាតម្លៃខ្ពស់ចំពោះការរីកចម្រើនៃទំនាក់នងលើកគ្រប់វិស័យរួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ទេសចរណ៍ និងវិស័យអប់រំ រវាងប្រទេសយើងទាំងពីរ។ កម្ពុជា-សាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាជំរុញកិច្ចប្រឹងប្រែងទំហំពាណិជ្ជកម្មទ្វេភាគីថែមទៀត ដែលបើកទីផ្សារឲ្យទូលាយជាងមុនសម្រាប់ផលិតផលកម្ពុជា ជាពិសេសផលកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យស័ក្តិសមទៅនឹងសក្តានុពល។ ក្នុងគោលដៅនេះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ កម្ពុជា-សាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ពីសារៈសំខាន់ និងជំរុញយុទ្ធនាការកែលំអរបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលនឹងធានាជោគជ័យក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធ្វើប្រព្រឹត្តិកម្មគ្រប់វិស័យ សេដ្ឋកិច្ចកម្ពុជា នាំមកនូវផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសយើងទាំងពីរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធាននាធិបតីកូរ៉េ មានចក្ខុវិស័យ និងការពេញចិត្តដូចគ្នា ដោយសង្កេតឃើញពីកំណើរការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសយើងទាំងពីរ តាមរយៈការផ្លាស់ប្តូរផ្នែកទេសចរណ៍ និងធុរកិច្ច ក៏ដូចជាការបញ្ជូនពលករខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះ ស្តីពីកិច្ចការតំបន់ និងអន្តរជាតិ សម្តេចតេជោ និងលោកប្រធានាធិបតីកូរ៉េ បានប្តូរយោបល់គ្នាពីកិច្ចសហប្រតិបត្តិការក្នុងវេទិការអន្តរជាតិ ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បញ្ហាឧបទ្វីកូរ៉េ និងបញ្ហាផ្សេងៗទៀតដែលយើងបានយកចិត្តទុកដាក់ដូចគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ​ សាធារណរដ្ឋកូរ៉េ ដែលនៅចុងឆ្នាំ២០១៩នេះ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំក្នុងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ជាលើកដំបូង តភ្ជាប់ជាមួយនឹងកិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។

សម្តេចតេជោ ជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅកម្ពុជា​ នាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការ កម្ពុជា-សាធារណរដ្ឋកូរ៉េ មានភាពកាន់តែសកម្មប្រកបដោយផ្លែផ្កា និងឈានឡើងដល់កម្រិតខ្ពស់ថែមទៀតដែលស្របទៅនឹងនយោបាយថ្មីឆ្ពោះទៅទិសខាងត្បូងរបស់សាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងគោដៅជំរុញវិបុលភាពរួម ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន និងសន្តិភាពជានិរន្ត៍នៅក្នុងតំបន់៕