ខេត្តស្វាយរៀង៖ មន្ត្រីនគរបាលជាង២០រូប បាននាំគ្នាចុះហត្ថលេខាលើលិខិតមួយ ដោយចោទប្រកាន់លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ថា បានរំលោភអំណាច ប្រព្រឹត្តអំពើពុករលួយដោយអនុញ្ញាតឲ្យនាំទំនិញចូលកម្ពុជាតាមច្រករបៀង ៩កន្លែង ហើយថា លោកស្នងការរូបនេះបានបញ្ជូនសាច់ញាតិឲ្យទៅគ្រប់គ្រងច្រករបៀងគ្រប់ច្រក ដើម្បីចាំទទួលលុយពីឈ្មួញជនបរទេសនាំទំនិញខូចគុណភាពចូលដោយសេរី គ្មានការត្រូតពិនិត្យពីមន្ត្រីជំនាញ។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ មន្ត្រីនគរបាលជាង ២០រូប និងប្រជាពលរដ្ឋមួយចំនួន បានអំពាវនាវឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យស៊ើបអង្កេតករណីលោកស្នងការ កឹង ឃន បានប្រព្រឹត្តអំពើពុករលួយជាច្រើនឆ្នាំមកហើយ ដោយយកលុយពីអ្នកដឹកទំនិញ ក្នុងមួយរថយន្តចាប់ពី ២៥ម៉ឺនរៀល ដល់ ៦០ម៉ឺនរៀល និងមានទំនិញខ្លះទៀតចាប់ពី ១០០ដុល្លារ ដល់ ១៥០ដុល្លារ ជាថ្នូរអនុញ្ញាតឲ្យនាំចូលមកកម្ពុជា។

ប្រភពពីមន្ត្រីនគរបាលជាអ្នកតវ៉ា បានអះអាងថា លោកស្នងការ កឹង ឃន បានប្រើអំណាចគាបសង្កត់មន្ត្រីស្លូតត្រង់ និងបញ្ជូនសាច់ញាតិឲ្យទៅគ្រប់គ្រងប៉ុស្តិ៍របៀងគ្រប់ច្រក ដើម្បីប្រមូលលុយពីពួកឈ្មួញនាំទំនិញចូលកម្ពុជា ដោយគ្មានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយថា ទំនិញដែលឈ្មួញជនជាតិវៀតណាមនាំចូល ដូចជា បន្លែ ផ្លែឈើ ត្រីសាច់ និងសាច់ជ្រូកជាដើម ពួកគេត្រូវបង់ប្រាក់ឲ្យមន្ត្រីនគរបាលតាមច្រករបៀងជាដៃជើងរបស់លោកស្នងការ កឹង ឃន ទាំងនោះ ពុំមែនបង់ពន្ធចូលរដ្ឋនោះទេ។

លិខិតដែលមានហត្ថលេខារបស់មន្ត្រីនគរបាលខេត្តស្វាយរៀងជាង ២០រូប នោះ បានបញ្ជាក់ថា នគរបាលខេត្តនេះភាគច្រើន អស់ជំនឿលើការដឹកនាំរបស់ស្នងការនគរបាលលោក កឹង ឃន ដែលពួកគេចោទថា តែងប្រើអំណាចធ្វើបាបមន្ត្រីស្មោះត្រង់ បក្សពួកនិយម និងបញ្ជូនកូនចៅសាច់ញាតិគ្រប់គ្រងច្រកព្រំដែន ឬហៅថា កន្លែងខ្លាញ់គ្រប់ទីកន្លែង។

ស្នងការរូបនេះ បានបញ្ជូនប្អូនបង្កើតជាមេវរៈការពារព្រំដែន ប្អូនធម៌ ជាមេប៉ុស្តិ៍ព្រំដែនទួលស្ដី ក្នុងស្រុកចន្ទ្រា និងប្អូនបង្កើតម្នាក់ទៀត ជាមេប៉ុស្តិ៍បុសមន ក្នុងស្រុករំដួល និងក្មួយប្រុសបង្កើតម្នាក់ទៀត ជាអធិការស្រុករំដួល។ លើសពីនេះស្នងការរូបនេះបានបើកប៉ុស្តិ៍ភាស៊ីមួយចំនួនទៀត តាមច្រកព្រំដែនក្រុងបាវិត ដូចជា នៅច្រកកំពង់ស្ពាន និងច្រកកីម៉ែ បំណងអនុញ្ញាតឲ្យឈ្មួញបង់លុយ ជាថ្នូរនាំទំនិញចូលកម្ពុជា។ ពួកគេស្នើសុំថ្នាក់ដឹកនាំ មេត្តាចុះស្រាវជ្រាវជាក់ស្ដែង និងផ្លាស់ប្ដូរស្នងការរូបនេះចេញពីតំណែង។
ទាក់ទងដល់ករណីចោទប្រកាន់របស់មន្ត្រីនគរបាលជាង២០រូប ខាងលើនេះ លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង មិនទាន់ធ្វើការបកស្រាយបំភ្លឺថាយ៉ាងណានៅឡើយទេ ៕