រាជធានីភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក បណ្ដាលឲ្យជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេលក្រុមអ្នកកាសែត ចុះទៅថតនិងយកព័ត៌មាន បែរជាសួរទៅអ្នកកាសែតទាំងនោះថា អស់លោកឯងផ្សាយហ្នឹង ឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះអត់? ។ ហេតុការណ៍បុរសស្រវឹងបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត បើកបររថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-1095 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចមួយកង់ ។ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា៤០ម៉ែត្រ បែកកង់ខាងមុខខាងឆ្វេង ទៅមុខលេងរួច ។

ខណៈនោះក៍មានក្រុមអ្នកកាសែតជាច្រើន បានចុះមកដល់កន្លែងកើតហេតុ ផ្តិតយករូបភាព liveផ្សាយផ្ទាល់ទាន់ហេតុការណ៍ភ្លាមៗ ស្រាប់លេខមុខម្ចាស់រថយន្តបង្កចេញមករករឿងថា ផ្សាយមិនពិត និងបានសួរថា អស់លោកឯងផ្សាយហ្នឹង ឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះអត់? បានជាមកផ្សាយគ្មានការពិតចឹង? ។
តែយ៉ាងណា ក្រុមអ្នកអ្នកកាសែតបាននាំគ្នាដើរចេញ ព្រោះមិនចង់ឈ្លោះប្រកែកជាមួយម្ចាស់រថយន្តបង្កនោះទេ ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយបន្តទៀត ។ ចំណែកម្ចាស់រថយន្ត និងនារីម្នាក់ទៀតនោះ ក៍បាននាំគ្នាឡើងជិះម៉ូតូកង់បីឥណ្ឌា ចេញពីកន្លែងហេតុបាត់ដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕