ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូ​ឌុ​ប​​ម្នាក់ រង​របួសធ្ងន់ បន្ទាប់​ពី​​ឌុ​ប​ប៉ះ​ចំ​ចោរប្លន់​ប្រដាប់​អាវុធ ធ្វើដំណើរ​ដល់​កន្លែង​ស្ងាត់ ចោរ​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ប៉ុនប៉ង​យក​ម៉ូតូឌ្រីមសង់សេ១២៥ ប៉ុន្តែ​មិន​បាន​សម្រេច រួច​ប្រតាយប្រតប់​គ្នា រហូត​ដល់​ដក​កាំភ្លើង​បាញ់៦​គ្រាប់ ​ផ្ទះ​៣​គ្រាប់ ត្រូវ​ក្បាល​ ដៃ និង​ស្មា រង​របួសធ្ងន់ ផ្អើល​ប្រជាពលរដ្ឋ សមត្ថកិច្ច ចោរ​ភ័យ បោះ​កាំភ្លើង​ចោល​រត់គេច​ខ្លួន​បាត់ កាលពី​វេលា​ម៉ោង៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០១៩ ស្ថិត​នៅ​ដី​វាល ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ ឈ្មោះ ម៉​ន សុខ​ជា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​១ ក្បែរ​កន្លែង​កើតហេតុ មានស្រុក​កំណើត​ភូមិ ត្នោត​១​ដើម ឃុំ ព្រះ​ខែ ស្រុក ប​សេដ្ឋ ខេត្ត កំពង់ស្ពឺ ។

ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​តែ​យក​មិន​បាន​សម្រេច ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៧ កំពង់ស្ពឺ 1E-3900 ។ បន្សល់​ទុក​កាំភ្លើងខ្លី​ម៉ាក រ៉ូ​ឡូ​១​ដើម គ្រាប់​មិន​ទាន់​ផ្ទុះ​៣​គ្រាប់ ក្បាល​គ្រាប់​១ ជន​រង​គ្រោះ​រង​របួស​ក្បាល​ពី​ចំហៀង​ខាងឆ្វេង​១​គ្រាប់ កដៃ​ស្តាំ​១​គ្រាប់ ស្មា​ខាងឆ្វេង​១​គ្រាប់ រង​របួសធ្ងន់ ។

តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ម្តាយ​នៅ​ឯ​ស្រុក​ប្រើ​ឲ្យ​ទៅ​បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​រុ​ស្សី លុះ​វិល​ត្រឡប់​មក​វិញ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​ចំណតរថយន្ត​ក្រុង លូ​៥ ភូមិ​ដំណាក់​ធំ​៣ ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មាន​ជនសង្ស័យ​ម្នាក់ ហៅ​ឲ្យ​ឌុ​ប​ជូន ទៅ​ខាងក្រោយ​សួន​កា​ណា​ឌី​យ៉ា ក្នុង​តម្លៃ​៤,០០០​រៀល ដោយ​គិត​ថា​ ក្បែរ​ផ្ទះ​របស់​ខ្លួន​ដែរ ឌុ​បម​ក​ដល់​ចំណុច​កើតហេតុ ចំ​កន្លែង​ចាក់សម្រាម ស្ងាត់ ជនសង្ស័យ​ឲ្យ​ឈប់ ដក​កាំភ្លើង​ភ្ជង់​តែ​ម្តង ប្លន់​យក​ម៉ូតូ ក្នុង​សភាព​បែប​នេះ ប្រតាយប្រតប់​គ្នា ជាមួយ​ជនសង្ស័យ ឈាន​ដល់​បាញ់​៦​គ្រាប់ ផ្ទះ​៣​គ្រាប់ ត្រូវ​ជន​រង​គ្រោះ​៣​កន្លែង ប៉ុន្តែស្មារតី​ជន​រង​គ្រោះនៅ​រឹង ក៏ប្រតាយប្រតប់រហូត​ធ្លាក់​កាំភ្លើងនៅ​កន្លែង​កើតហេតុ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទើប​ជនសង្ស័យ​ភ័យ​រត់គេច​ខ្លួន​ចូល​ទៅ​ខាង​ដី ខណ្ឌមានជ័យ​ បាត់​ស្រមោល ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ពេទ្យ ក្បែរ​ប៉ុស្តិ៍​ចោម​ចៅ​១ ជា​មុន​សិន និង​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច បន្ត​ស្រាវជ្រាវ ។ សមត្ថកិច្ចកំពុងធ្វើការ​សាកសួរ ជុំវិញរឿងហេតុ​ខាងលើ ដើម្បី​កំណត់​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​ខាងលើនេះផងដែរ ៕