ខេត្តស្វាយរៀង៖ ក្រោយពីកូនស្រីពៅរងរបួសមេដៃឆ្វេងដោយសារតែសត្វកណ្តុរខាំ និងកំពុងមានជំងឺក្តៅខ្លួន មិនបានទៅរៀនអស់រយៈពេលមួយសប្តាហ៍មកហើយ ស្ត្រីមេម៉ាយកូន៣នាក់ទីទាល់ក្រម្នាក់ បានដង្ហោយរកសប្បុរសជនឲ្យជួយកូនស្រីពៅគាត់ផង ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះឈ្មោះ មាស ផល្លា អាយុ ៤២ឆ្នាំ មុខរបរដើរឈ្នួលលាងចាន សព្វថ្ងៃមានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានឲ្យដឹងថា កូនស្រីរបស់គាត់ ដែលត្រូវសត្វកណ្តុរខាំ ហើយរងរបួស គ្មានថ្នាំព្យាបាលនោះ ជាកូនពៅ ឈ្មោះ សៅ ស៊ីណាត មានអាយុ៧ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី១ នៃសាលាបឋមសិក្សា២ ធ្នូ។

ស្ត្រីជាម្តាយបានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ រូបគាត់ទាំង៤នាក់ម្តាយ និងកូន កំពុងដេកក្នុងមុងជាមួយគ្នា ចៃដន្យកូនស្រីរងគ្រោះបានដាក់ដៃចេញក្រៅមុង ក៏ត្រូវសត្វកណ្តុរខាំចំមេដៃខាងឆ្វេងតែម្តង បណ្តាលឲ្យរងរបួស ។ ក្រោយសត្វកណ្តុរខាំបានមួយយប់ កូនរបស់គាត់ មានអាការៈក្តៅខ្លួន គាត់ក៏បាននាំកូនទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេត្ត ហើយគ្រូពេទ្យបានឲ្យរូបគាត់នាំកូនទៅភ្នំពេញដើម្បីព្យាលបាល ពីព្រោះនៅមន្ទីរពេទ្យខេត្ត គ្មានថ្នាំវ៉ាក់សាំងសម្រាប់ចាក់ឲ្យទេ ។ ៣ថ្ងៃក្រោយមក គាត់ក៏សម្រេចចិត្តយកកូនមកផ្ទះដេកមើលតាមយថាកម្មតែម្តង ដោយសាររូបគាត់គ្មានមុខរបរអ្វីក្រៅពីដើរស៊ីឈ្នួលលាងចានឆ្នាំងឲ្យគេ និងមានកូនតូចៗនៅក្នុងបន្ទុករហូតដល់ទៅ៣នាក់ផង ទីទាល់ក្រ រកតែអង្ករច្រកឆ្នាំងស្ទើរមិនបានផងនោះ។
ខណៈនេះ រូបគាត់មានតែលើកម្រាមដៃ១០ប្រណមសុំដល់សប្បុរសជនទាំងទីជិតឆ្ងាយជួយគ្រួសារគាត់យកតែបុណ្យទៅចុះ។

ករណីខាងលើនេះ លោកគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើ ពិតជាបានចូលមកសំរាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ប្រាកដមែន ហើយក៏បានសុំចេញទៅវិញ ក្រោយពេលគ្រូពេទ្យបានលាងមុខរបួស និងចាក់ថ្នាំផ្សះរួមនឹងថ្នាំបញ្ចុះកំដៅ ខណៈនៅមន្ទីរពេទ្យខេត្ត មិនមានវ៉ាក់សាំងសម្រាប់ចាក់ការពារសត្វខាំនោះទេ គឺមានតែនៅភ្នំពេញ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានក្មេងស្រីម្នាក់អាយុ១០ឆ្នាំ ត្រូវឆ្មាខាំ និងក្រញៅ មកពីខេត្តស្វាយរៀង បានមកសម្រាកព្យាបាលជំងឺឆ្កែឆ្កួត នៅពេទ្យនារាជធានីភ្នំពេញ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ គឺមានតែយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើងក្មេងស្រីរូបនេះ បានស្លាប់បាត់បង់ជីវិតតែម្ដង។

បើតាមការឲ្យដឹងពីឪពុក-ម្តាយក្មេងស្រី ត្រូវបានឆ្មាខាំតាំងពីដើមខែធ្នូ ឆ្នាំ២០១៩មកម៉្ល៉េះ ប៉ុន្តែពួកគេមិនបានយកមកចាក់ថ្នាំការពារនៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ ដោយអាការៈកាន់តែខ្លាំង ក៏យកទៅវៀតណាម ប៉ុន្តែគ្រូពេទ្យវៀតណាម ក៏បានប្រាប់ថា គ្មានលទ្ធភាព ទើបមកព្យាបាលនៅពេទ្យក្នុងរាជធានីភ្នំពេញ តែជាការសោកស្តាយ ដោយគ្រូពេទ្យមិនអាចជួយសង្រ្គោះជីវិតបាន ៕