ខេត្តកណ្ដាល៖ ជនសង្ស័យវ័យ២៨ឆ្នាំម្នាក់បបួលក្មេងស្រីអាយុ១៤ឆ្នាំ ទៅដើរលេងក្នុងវត្ដ មើលទៅមានសភាពស្ងាត់ ក៏បែកគំនិតចាប់ក្មេងស្រីនោះរំលោភរហូតបានសម្រេច ។ តែស្អែកឡើង ត្រូវម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចចាប់វាយខ្នោះ ។ ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្នុងបរិវេណវត្ដសាលាអណ្ដែត ស្ថិតក្នុងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា សង្ស័យឈ្មោះ អៃ អុន ហៅលាង ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។ រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ យុវជនសង្ស័យឈ្មោះ អៃ អុន ហៅលាង បានបបួលក្មេងស្រីរងគ្រោះទៅដើរលេងនៅក្នុងបរិវេណវត្តសាលាអណ្ដូង និងបាននាំគ្នាអង្គុយលេងនៅលើគ្រែរបស់ពលរដ្ឋលក់នំ ។ លុះអង្គុយបានមួយសន្ទុះ សង្ស័យមានអារម្មណ៍ផ្លូវភេទ និងមានសភាពស្ងាត់ផងនោះ ក៏ចាប់ផ្ដួលក្មេងស្រីរងគ្រោះទៅលើគ្រែនោះ ធ្វើសកម្មភាពរំលោភរហូតបានសម្រេច តែម្ដង ។ លុះស្អែកឡើង ថ្ងៃទី១៤ ខែឆ្នាំដដែល វេលាម៉ោង១១និង៣០នាទី ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីឲ្យសមត្ថកិច្ចជួយចាត់ការជនសង្ស័យតាមនីតិវិធីច្បាប់ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ សមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យមកប៉ុស្ដិ៍នគរបាលក្រាំងយ៉ូវ ធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ។ ជនសង្ស័យត្រូវបានមន្រ្តីនគរបាលជំនាញ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្តទៀត៕