ខេត្តកំពត ៖ យុវតី​ជា​សិស្សសាលា​ម្នាក់ បាន​ចេញ​ទៅ​សាលារៀន​សូត្រ​ដូច​សព្វដង លុះដល់​ម៉ោង​ចេញលេង ក៏​ស្រាប់តែ​កើត​មាន​អាការ​ងងឹតមុខ ដួល​សន្លប់​ស្តូកស្តឹង​នៅ​ក្នុង​ថ្នាក់ ទើប​ធ្វើ​ឱ្យ​មិត្តភក្តិ និង​លោកគ្រូ អ្នកគ្រូ មានការ​ផ្អើល​ឆោឡោ ប្រញាប់​ដឹក​បញ្ជូន​យុវតី​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ តែ​អកុសល​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ក្រុម​គ្រូពេទ្យ​ពិនិត្យ​រួច ក៏​ប្រាប់​ថា យុវតី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​ដងទង់ នៅ​ភូមិធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ។

យុវតី​រង​គ្រោះ​ខាងលើ មានឈ្មោះ​ទូច ស្រី​ណា អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៨ នៃ​វិទ្យាល័យ​ដងទង់ ស្ថិត​ក្នុង​ភូមិធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ និង​មាន​លំនៅ​ក្នុងភូមិ​ត្រពាំង​វែង​ខាងកើត ឃុំ​ដងទង់ ស្រុក​ដងទង់ ។

តាម​ប្រភព​ព័ត៌មាន ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ យុវតី​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​មក​ពី​ផ្ទះ ចូល​ថ្នាក់​រៀនសូត្រ​ដូច​ធម្មតា ដោយ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ហើយ​ក៏​មិន​ឮ​យុវតី​រង​គ្រោះ ត្អូញត្អែរ​ប្រាប់​មិត្តភក្តិ ឬ​លោកគ្រូ​អ្នកគ្រូ​ថា មិន​ស្រួលខ្លួន​អ្វី​ដែរ ប៉ុន្តែ​រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល ជា​ពេល​សម្រាក ទើប​លោកគ្រូ អ្នកគ្រូ បាន​អនុញ្ញាត​ឱ្យ​សិស្ស​សម្រាក (​នាំ​គ្នា​ចេញលេង​) ស្រាប់តែ​រំពេច​នោះ គេ​ឃើញ​យុវតី​រង​គ្រោះ​មាន​ទឹកមុខ​ស្លេកស្លាំង​ខុស​ប្រក្រតី រួច​ក៏​ដួល​សន្លប់​បាត់​មាត់​បាត់​ក នៅ​ក្នុង​ថ្នាក់រៀន​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឃើញ​សភាព​មិន​ស្រួល​បែប​នេះ ទើប​មិត្តភក្តិ និង​លោកគ្រូ អ្នកគ្រូ ជួយ​សង្គ្រោះ​បឋម ដោយ​គក់​ច្របាច់ លាប​រឺត​ប្រេងខ្យល់ ប្រេងកូឡា​ឱ្យ​យុវតី​រង​គ្រោះ​ដែរ តែ​នាង​នៅ​មិនដឹង​ខ្លួន ទើប​ប្រញាប់​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត តែ​អកុសល ពេល​បញ្ជូន​ទៅ​ដល់ ក្រុម​គ្រូពេទ្យ​ពិនិត្យ​រួច ក៏​បញ្ជាក់​ប្រាប់​ថា យុវតី​រង​គ្រោះ​បាន​ស្លាប់​បាត់​ហើយ ជា​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​ជា​ម្តាយ រួម​ទាំង​ក្រុម​គ្រួសារ​ទ្រហោ​យំសោក​បោក​ខ្លួន រហូត​ដល់​សន្លប់ ព្រោះតែ​ស្តាយស្រណោះ​ជីវិត​កូនស្រី ដែល​នៅ​សុខ​ៗ បែរជា​ចាកចេញ​ទៅ ដោយ​គ្មាន​ពាក្យ​លា​មួយ​ម៉ាត់ ។

មន្ទា​ប់​មក​ក្រុម​គ្រួ​សារបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ពិនិត្យ​ផង​ដែរ ក្រោយ​ពី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួចរាល់ សមត្ថកិច្ច​បញ្ជាក់​ថា យុវតី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ប្រាកដ​មែន ។

សាកសព​យុវតី​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕