ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរកើតរោគប្រចណ្ឌគ្នាទៅវិញទៅមក ប្រពន្ធចោទប្តីថាលួចមានស្រី ប្តីចោទប្រពន្ធថាលួយមានសាហាយ ដើម្បីបញ្ជាក់ចិត្តស្មោះ ប្តីក៏ដឹកប្រពន្ធពីសង្កាត់ចាក់អង្រែលើ ទៅស្បថ៌បញ្ជាក់ចិត្តស្មោះនៅមុខព្រះអង្គដងកើ ខណៈពេលដឹកទៅដល់ពាក់កណ្ដាលផ្លូវបានឈ្លោះប្រកែកគ្នាតឹងសរសៃក រហូតឈានដល់ការវាយប្រតាយប្រតប់គ្នាពេញផ្លូវ ប្តីជ្រុលដៃវាយប្រពន្ធមួយដៃបែកថ្ងាស ហូរឈាមពេញមុខផ្អើលសមត្ថកិច្ចឃាត់ខ្លួនវាយខ្នោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ខែមីនា នៅមុខអគារខុនដូរព្រីនផ្លាស្សា តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនដៃដល់ជាប្តីមានឈ្មោះ អាត ណារ៉ា អាយុ ២៤ឆ្នាំ មុខរបរដឹកជញ្ជូនឥវ៉ាន់លក់តាមអន ឡាញ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ សារ៉ាត់ លីនដា អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកហាង មីហ្គាឌែនបុប្ផាជាយដែន មានស្រុកកំណើតនៅភូមិគៀ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

តាមចម្លើយសារភាពជនដៃដល់ជាប្តីបាន ប្រាប់ឲ្យដឹងថា មុនកើតហេតុគឺគាត់ទើបតែត្រលប់មកធ្វើការ ហើយមិត្តភក្តិស្គាល់គ្នាបានហៅរូបគេផឹកស្រាបៀរអស់១កំប៉ុង ក៏ត្រឡប់មកផ្ទះវិញ ឃើញប្រពន្ធខ្លួនកំពុងដើរនៅតាមផ្លូវ ក៏ជិះម៉ូតូទៅជិតបម្រុងដឹកប្រពន្ធទៅធ្វើការនៅក្រុងតាខ្មៅដូចសព្វដង ។ ខណៈពេលជិះទៅដល់ស្រាប់តែប្រពន្ធស្រែកសួរថា ទើបតែមកពីណា ទៅជួបស្រីស្នេហ៍មែន? ពេលហ្នឹងហើយទើបតែមកដល់? គាត់បានប្រាប់ថា ទើបតែមកពីដឹកឥវ៉ាន់ទៅឲ្យគេ ហើយមិត្តភក្តិហៅហូបស្រាបៀរអស់មួយកំប៉ុងជជែកគ្នាលេង ទើបមកយឺតបន្តិច តែប្រពន្ធនៅតែចោទប្រកាន់គាត់ទៀត ធ្វើឲ្យគាត់រំឮករឿងប្រពន្ធធ្លាប់មានប្រុសស្នេហ៍ទាក់ទងគ្នាតាមទូរស័ព្ទ ក៏បង្កជារឿងឈ្លោះប្រកែកគ្នាពេញផ្លូវ ប្រកែកយកឈ្នះរៀងៗខ្លួន ដោយទ្រាំមិនបាន គាត់ក៏ឌុបប្រពន្ធទៅស្បថ៌នៅមុខព្រះអង្គដងកើ ដើម្បីបញ្ជាក់ពីចិត្តស្មោះ ដោយនាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសគីស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1D-0059 ។

លុះពេលធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម មកដល់កន្លែងកើតហេតុ បានទាស់សម្តីតឹងសរសៃកដាក់គ្នា គាត់ក៏ឈប់ម៉ូតូវាយប្រតាយប្រតប់គ្នាពេញផ្លូវ ធ្វើឲ្យគាត់ជ្រុលដៃវាយប្រពន្ធមួយដៃចំកណ្ដាលថ្ងាស បណ្តាលឲ្យបែកឈាមស្រោចពេញមុខ និងបង្កឲ្យភ្ញាក់ផ្អើលពេញដងផ្លូវ ។ ភ្លាមៗកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ល្បាតទៅដល់ទីនោះ ប្រទះឃើញក៏បានជួយអន្តរាគមន៍ឃាត់បំបែក និងឃាត់ខ្លួនគាត់ និងប្រពន្ធ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់តែម្តង ។

តាមសម្ដីប្រពន្ធជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា ពួកគេទាំង២នាក់គឺជាប្តីប្រពន្ធនឹងគ្នា៥ឆ្នាំហើយ តែមិនបានរៀបការទេ បុរសជាប្តីតែងតែវាយធ្វើបាបគាត់រហូត ហេតុតែស្រឡាញ់ក៏ចេះទ្រាំនៅជាមួយរហូតដល់សព្វថ្ងៃ តែនៅយប់កើតហេតុនេះ គាត់អស់ការអត់ធ្មត់តស៊ូរស់នៅជាមួយប្តីហេងស៊យនេះទៀតហើយ ព្រោះគេហ៊ានលើកដៃវាយខ្លួនដែលជាប្រពន្ធនៅទីសាធារណៈបែបនេះ ធ្វើឲ្យគាត់ខ្មាសគេខ្លាំងណាស់ មានតែប្តឹងសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ប៉ុណ្ណោះ ។

ក្រោយកើតហេតុនារីជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ចំណែកជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនកសាងសុំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមនចាត់ការបន្តតាមនិតិវិធី ៕