ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដើរទៅ​ធ្វើ​ចម្ការ ស្ថិត​នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ស្រាប់តែ​ជាន់​ប៉ះ​មីន បណ្ដាល​អោយ​ផ្ទុះ​ដាច់​កែងជើង​ម្ខាង កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ត្រូវ​បាន​អ្នក​ភូមិ​ជាមួយ​គ្នា ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ។

លោក​អ​ធិ​លារ​នគរបាល​ស្រុក​សំឡូត បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ជ័យ ច័ន្ទ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី តែ​បាន​ទៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន នៅផ្ទះ​សាច់ញាតិ ដែល​ស្ថិត​នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ លោក​បន្ត​ថា ជន​រង​គ្រោះ​បាន​ជាន់​មីន នៅ​ពេល​គាត់​ដើរទៅ​ចម្ការ​ពូ​របស់​គាត់​ដូច​សព្វដង ហើយ​ជន​រង​គ្រោះ​រង​របួស​ខ្ទេច​កែងជើង​ខាងស្ដាំ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​អាច​ឈាន​ដល់​ការ​កាត់​ត្រឹម​កជើង​ទៀត​ផង ។

លោក​អធិការ​ស្រុក បាន​បញ្ជាក់​ថា គ្រាប់​មីន​ដែល​បុរស​នោះ​ជាន់​ត្រូវ ហើយ​ផ្ទុះ គឺជា​មីន​ដែល​បន្សល់​តាំងពី​សម័យ​សង្គ្រាម មក​ម្ល៉េះ គឺជា​ប្រភេទ​គ្រាប់​មីន​72.A ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ហើយ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​បឋម​នៅ​មណ្ឌល​សុខភាព​ស្រុក​សំឡូត ៕