រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមបណ្ដឹងក្រុមគ្រួសារខាងប្រពន្ធ ពាក់ព័ន្ធនឹងករណីប្រើហិង្សាលើកូនប្រុសស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យគុន្ធបុប្ផា កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។

ក្មេងប្រុសរងគ្រោះឈ្មោះ រិទ្ធី រ៉ាទី អាយុ៣ឆ្នាំ។ ចំណែកជនសង្ស័យជាឪពុកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ណី រិទ្ធី អាយុ២២ឆ្នាំ ។ ប្រពន្ធឈ្មោះ ស្រេង សុភ័ក្រ អាយុ២៨ឆ្នាំ ។
មុនពេលកើតហេតុ ក្រុមគ្រួសារខាងប្រពន្ធរបស់ជនសង្ស័យ បានដឹកក្មេងប្រុសរងគ្រោះយកមកមន្ទីរពេទ្យគុន្ធបុប្ផា ដើម្បីព្យាបាលជំងឺ ប៉ុន្តែសភាពជំងឺធ្ងន់ធ្ងរពេក ទើបមិនអាចជួយសង្គ្រោះបាន។

ប៉ុន្តែក្រុមគ្រួសារខាងប្រពន្ធយល់ថា ក្មួយរបស់ពួកគេស្លាប់ដោយសាររងនូវអំពើរហឹង្សាររបស់បុរសជាឪពុក ទៅលើកូនក្មួយរបស់គេ (និយាយខ្លីថា ក្មួយរបស់គេស្លាប់ព្រោះតែឪពុករបស់គេប្រព្រឹត្តអំពើហឹង្សា) ក៏នាំគ្នារត់ទៅប្តឹងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ទើបសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ណី រិទ្ធី ជាឪពុក។
ប៉ុន្តែ បើយោងតាមសំបុត្រពេទ្យបានសបញ្ជាក់ថាក្មេងរងគ្រោះស្លាប់ ដោយជំងឺសួតធ្ងន់ធ្ងរ។
ជនសង្ស័យត្រូវបានកម្លាំងមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ប្រគល់ជូនទៅកម្លាំងមានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយសារផ្ទះជនរងគ្រោះនិងជនសង្ស័យ ស្ថិតនៅក្នុងខណ្ឌដង្កោ ដើម្បីដោះស្រាយបន្តទៅតាមនីតិវិធី៕