Home ព័ត៌មានជាតិ

ថ្លើមធំ! ប្រធានគណបក្សខ្មែរក្រោក ហ៊ានប្រៀបធៀបលោកអភិបាល ឃួង ស្រេង ជាមួយសត្វធាតុលើហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ ព្រមានប្តឹងទៅតុលាការ

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតមួយទាមទារឱ្យលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង (William Guang) ប្រធានគណបក្សខ្មែរក្រោក កែតម្រូវអត្ថបទឡើងវិញ ចៀសវាងការពិចារណានូវចំណាត់ការតាមផ្លូវតុលាការក្នុងបទ”ការប្រមាថនិងការប្រឆាំងនឹងអ្នករាជការសាធារណៈ”។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើជូនលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការសរសេររបស់លោកវឌ្ឍនាសាប៊ុង គឺ ប្រើពាក្យពេចន៍អសីលធម៌ គ្មានមូលដ្ឋានច្បាស់លាស់គ្រប់ជ្រុងជ្រោយ មានអត្ថន័យផ្ទុយទាំងស្រុងពីការពិត ប៉ុន្តែមានចរិតមួលបង្កាច់ ក្នុងចេតនាបង្ខូចកេរ្ដិ៍ឈ្មោះ ធ្វើឱ្យមតិសាធារណៈមានការភ័ន្តច្រឡំ នាំឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់អ្នករាជការសាធារណៈ និងស្ថាប័នសាលារាជធានីភ្នំពេញ ផងដែរ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមស្វាគមន៍និងរង់ចាំទទួលការរិះគន់ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ប៉ុន្តែមិនមែនជាការប្រមាថមើលងាយ ជាន់ឈ្លីកិត្តិយសរហូតដល់ថ្នាក់ប្រៀបធៀបមនុស្សជាមួយសត្វធាតុជាច្រើនលើកច្រើនសារនោះទេ ។

ក្នុងន័យនេះ ដើម្បីរក្សាតម្លៃតួនាទីជាប្រធានគណបក្សមួយរូប ផ្តល់តម្លៃជូនមន្ត្រីរាជការសាធារណៈ និងដើម្បីផ្តល់ជូនព័ត៌មានសុក្រឹត្យនិងត្រឹមត្រូវដល់សាធារណជន រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោកប្រធានពិនិត្យខ្លឹមសារ កែតម្រូវអត្ថបទឡើងវិញ ចៀសវាងការពិចារណានូវចំណាត់ការតាមផ្លូវតុលាការ ក្នុងបទ”ការប្រមាថនិងការប្រឆាំងនឹងអ្នករាជការសាធារណៈ”។

កាលពីថ្ងៃទី១២ ខែមីនា កន្លងទៅនេះ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកWilliam Guang ថា ៖ និយាយតាមត្រង់ ខ្ញុំខ្មាសគេជំនួសលោកចៅហ្វាយក្រុង បើជាខ្ញុំ ខ្ញុំចុះពីតំណែងហើយ !
នេះឡានធំបុកគេស្លាប់ នៅស្ទឹងមានជ័យកាលពីព្រឹកមិញ ! សួរថាតើស្ដាប់សម្ដីចៅហ្វាយក្រុង និងស្ដាប់សម្លេង គីគីព្រុស មួយណាល្អជាង ? គីគី ព្រុសមានប្រយោជន៍ណាស់ ព្រោះចោវាខ្លាចវាអាចរត់ ៕