អ្នកអង្គម្ចាស់នរោត្តម ចន្ទរង្សី បានប្រសូតនៅឆ្នាំ ១៩២៦ ត្រូវនឹងឆ្នាំខាល ។ បិតាមានព្រះនាមថា ព្រះអង្គម្ចាស់ចន្ទលេខា ហៅព្រះអង្គម្ចាស់តូ ដែលត្រូវជាបុត្ររបស់ព្រះបាទនរោត្តម ជាមួយនឹងអ្នកម្នាងតាត ជារាស្រ្តសាមញ្ញ នៅខេត្តកំពង់ស្ពឺ ។ ទ្រង់ ចន្ទរង្សី ត្រូវជាបងប្អូនជីដូនមួយរបសម្ដេចព្រះនរោត្តម សីហនុ ។ កំឡុងពាក់កណ្ដាលចុងក្រោយនៃទសវត្សឆ្នាំ ១៩៤០ ទ្រង់បានចូលរួមជាទាហានស្ម័គ្រចិត្ត ដែលត្រូវបានបង្កើតឡើង ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់យោធាជប៉ុន។ នៅថ្ងៃ ៩ មីនា ឆ្នាំ ១៩៤៥ ជប៉ុនបានចាប់ខ្លួនកងទ័ព អ្នករដ្ឋការ និងជនស៊ីវិលបារាំង នៅក្នុងប្រទេសកម្ពុជាទាំងអស់ ហើយបីថ្ងៃក្រោយមក ពួកគេបានជួយជំរុញឱ្យសម្ដេច នរោត្ដម សីហនុ ប្រកាសឯករាជ្យពីអាណានិគមបារាំង ។ ប៉ុន្តែដោយសារ ជប៉ុន ចាញ់សង្គ្រាមលោកលើកទី២ បារាំងក៏បានវិលត្រលប់មកកាន់ទឹកដីកម្ពុជាវិញ ក្នុងខែតុលា ឆ្នាំ១៩៤៥ ជាហេតុធ្វើឱ្យអ្នកណាដែលបានធ្វើការជាមួយជប៉ុន ដូចជា “ក្រុមទាហានស្ម័គ្រចិត្ត”នោះ ជាដើម មានការភ័យខ្លាចបារាំងចាប់ខ្លួន ក៍នាំគ្នារត់ចេញពីក្រុងភ្នំពេញ ក្នុងនោះទ្រង់ចន្ទរង្សី ក៏បានគេចចេញទៅខេត្តបាត់ដំបង ដែលកាលនោះជាទឹកដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ នៅឡើយ ។

នៅទីនោះ ទ្រង់បានចូលរួមជាមួយចលនាខ្មែរឥស្សរៈមួយដែលបង្កើតដោយ ប៉ុក គុណ និង រស់ យឿន ហើយបានតំណែងជាមេបញ្ជាការកងវរសេនាតូច។ចលនាខ្មែរឥស្សរៈប្រឆាំងនឹងបារាំង ដែលបង្កើតដោយ ប៉ុក គុណ និង រស់ យឿន នេះ ស្ថិតនៅក្រោមការគាំទ្ររបស់ថៃ។
ក្រោយពីខេត្តបាត់ដំបង ត្រូវបារាំងទាមទារមកជារបស់ប្រទេសកម្ពុជាវិញ នៅចន្លោះខែតុលា និងខែវិច្ឆិកា ឆ្នាំ១៩៤៦ តំណាងមកពីរដ្ឋាភិបាលថៃ និងពួកយៀកមិញ ព្រមទាំងពួកមេខ្មែរឥស្សរៈទាំងនោះ បើកអង្គប្រជុំប្រជុំមួយដឹកនាំដោយ ប៉ុក គុណ ដោយមានអ្នកចូលរួមជាមេដឹកនាំល្បីៗ ដូចជា ហូលវង្ស អានុភាព, ដាប ឈួន, កៅ តក់, ស៊ីវ ហេង, ហែម សាវាង,និងបានអនុម័តសេចក្ដីសម្រេចសំខាន់ៗចំនួន៤ ក្នុងនោះសេចក្ដីសម្រេចទី ៣ គឺត្រូវបញ្ជូនទ្រង់ចន្ទរង្សី និង ប៉ុក គុណ ឱ្យទៅក្រុងបាងកក ដើម្បីធ្វើជាតំណាងរបស់ខ្មែរឥស្សរៈ នៅលើឆាកអន្តរជាតិ និងទទួលខុសត្រូវផ្នែកទំនាក់ទំនងជាមួយអាជ្ញាធរថៃ និងពួកយៀកមិញ។ សេចក្ដីសម្រេចទី ៤ គឺ ទ្រង់ចន្ទរង្សី ត្រូវបានគេតែងតាំងជាតំណាង និងជានិមិត្តរូបនៃក្រុមរាជវង្សានុវង្ស ដែលប្រឆាំងនឹងបារាំង។

ជាមួយគ្នានោះ អង្គប្រជុំបានសម្រេចថា ខ្មែរឥស្សរៈត្រូវពង្រីកសកម្មភាពសង្គ្រាមទ័ពព្រៃក្នុងប្រទេសកម្ពុជា ឱ្យបានគ្រប់ច្រកល្ហកក្នុងពេលឆាប់ៗ និងប្រកាសឱ្យបង្កើតរដ្ឋាភិបាលឯករាជមួយរបស់ចលនាខ្មែរឥស្សរៈ ដើម្បីបណ្ដេញបារាំង និងសម្ដេចសីហនុ ដោយរក្សាសមាជិករាជវង្សណាមួយអង្គជានិមិត្តរូប គឺ ទ្រង់ចន្ទរង្សី។
នៅក្នុងរយៈពេលរដ្ឋាភិបាល ព្រីឌី ផាណុមយ៉ុង កាន់កាប់អំណាចជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ ពួកខ្មែរឥស្សរៈបានទទួលនូវការគាំទ្រជាច្រើនពីរដ្ឋាភិបាលថៃ។ ប៉ុន្តែ សកម្មភាពរបស់ពួកគេត្រូវបានបញ្ចប់ ក្រោយមានរដ្ឋប្រហារ មួយនៅទីក្រុងបាងកក នាថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ១៩៤៧ រដ្ឋាភិបាលថ្មី មិនត្រឹមតែសម្រេចបញ្ឈប់ការគាំទ្រពួកខ្មែរឥស្សរៈប៉ុណ្ណោះទេ គឹថែមទាំងប្រកាសចាប់ខ្លួនបណ្ដាមេដឹកនាំខ្មែរឥស្សរៈទាំងនោះទៀតផង ។

ចំណែកព្រះអង្គម្ចាស់ចន្ទរង្សី បម្រុងតែនឹងរត់ទៅហើយ តែសំណាងល្អ ទ្រង់ត្រូវបាន ប៉ុក គុណ ធានា និងរារាំងមិនឱ្យគេចាប់ខ្លួនទ្រង់ទេ។
នៅចន្លោះខែវិច្ឆិកា ឆ្នាំ១៩៤៧ និងដើមឆ្នាំ ១៩៤៨ ទ្រង់ចន្ទរង្សី និងបណ្ដាមេដឹកនាំខ្មែរឥស្សរៈដទៃទៀត រួមមាន ហែម សាវាង, ម៉ី ផូ, ស៊ីវ ហេង និង កៅ តក់ ជាដើម បានរត់គេចមកទឹកដីកម្ពុជាវិញ។ ពេលត្រឡប់មកមាតុប្រទេសវិញ ទ្រង់ចន្ទរង្សី បានប៉ះទង្គិចគ្នាជាមួយពួកយៀកមិញ ដោយសារពួកយៀកមិញបានចោទប្រកាន់ថា ទ្រង់គឺជាពួកសក្ដិភូមិប្រតិកិរិយា។ ដូចនេះ ទ្រង់ក៏បានបង្កើតក្រុមឥស្សរៈមួយដោយខ្លួនឯង នៅភាគខាងត្បូងនៃខេត្តបាត់ដំបង គឺដំណាលពេលដែលមេដឹកនាំឥស្សរៈដទៃទៀត ដូចជា លាវ កែវមុនី និង កៅ តក់ បានរួមសហការគ្នានៅភាគខាងជើងខេត្តបាត់ដំបង និងខេត្តសៀមរាប។ ទ្រង់បានផ្ដាច់ខ្លួនចេញពី “គណៈកម្មាធិការរួបរួមជាតិ” ដោយដាក់ឈ្មោះចលនារបស់ទ្រង់ថា ចលនាឆ្ពោះទៅមាគ៌ាសន្តិភាព។ ចលនានេះមានទស្សនៈផ្ទុយពីទ្រឹស្ដីកុម្មុយនិស្ត ហើយលើកក្រោយពីទ្រង់បានពង្រឹងអំណាចត្រួតត្រាបានរឹងមាំហើយ ទ្រង់ក៏បានរៀបចំពិធីប្រកាសបង្កើត “គណៈកម្មាធិការខ្មែរកសាងជាតិ ភូមិភាគទី៤” នៅក្នុងកំឡុងឆ្នាំ ១៩៤៩។ ក្រុមនេះមានសញ្ញាសម្គាល់ទង់ពណ៌ក្រហម ដែលមានរូបប្រាសាទកំពូលបី ពណ៌លឿង នៅចំកណ្ដាល។ (នៅមានត ភាគទី២)៕