ខេត្តកណ្ដាល៖ រថយន្តFUSO សណ្ដោងសឺមីរ៉ឺម៉កមួយគ្រឿង បានជ្រុលចង្កូតទៅបុករះបង្កាន់ដៃពុះចែកទ្រូងផ្លូវឡើងស្ពាន បណ្ដាលឲ្យក្រឡាប់បះជើងនៅកណ្ដាលផ្លូវច្រង៉ាង បណ្ដាលឲ្យមនុស្ស២នាក់របួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង១០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ លើផ្លូវជាតិលេខ៨ ចំណុចផ្លូវឡើងស្ពាន ព្រែកតាមាក់ត្រើយខាងលិច ស្ថិតក្នុងភូមិកោះរការ ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ។

រថយន្តក្រឡាប់បះជើងនៅកណ្ដាលផ្លូវច្រង៉ាងៗនេះ ម៉ាកFUSO សណ្ដោងសឺមីរ៉ឺម៉ក ពណ៍ស គ្មានស្លាកលេខ សឺមីរ៉ឺម៉កលេខព្រះសីហនុ3A-3862 បើកបរដោយឈ្មោះ ស៊ុន ភារុន ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម (របួសស្រាល) មានអ្នករួមដំណើរ១នាក់ឈ្មោះ ជា វេ ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកក្ដាម ឃុំកោះចិន ស្រុកពញ្ញាឮ (របួសស្រាល) ។

មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ រថយន្ដបានបន្ថែមល្បឿនដើម្បីឡើងស្ពាន ស្រាប់តែជ្រុលចង្កូតទៅបុករះបង្កាន់ដៃពុះចែកទ្រូងផ្លូវឡើងស្ពាន បណ្ដាលឲ្យក្រឡាប់បះជើង ធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល។ រីឯបង្កាន់ដៃពុះចែកទ្រូងផ្លូវឡើងស្ពានប្រវែងជាង២០ម៉ែត្រ រងការខូចខាត ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។

ចំណែកនគរបាលចរាចរណ៍ស្រុក បានចុះអន្តរាគមន៍កន្លែងកើតហេតុ ដោយត្រួតពិនិត្យ និងវាស់វែង រួចកសាងឯកសារដកហូតយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។
សមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីខាងលើនេះគឺបង្កឡើងដោយអ្នកបើកបរថយន្តបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបានជាកើតមានគ្រោះបែបនេះឡើង ៕