ថៃ៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយគ្រឿង បណ្ដាលឲ្យស្ត្រីជាពលករខ្មែរម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង៦នាក់ផ្សេងទៀត រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានលើតឡើងកាលពី ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ ធ្លាក់ផ្លូវ នៅលើផ្លូវជាតិ៣០៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៨៥-៨៦ ស្ថិតនៅក្នុងស្រុកមហាសារ៉ាខាម ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។
មុនពេលកើតហេតុ ពលករខ្មែរប្រុសស្រីចំនួន៧នាក់ បានជិះរថយន្តឈ្នួលរបស់ថៃមួយគ្រឿងនៅលើផ្លូវជាតិ៣០៤ ។

លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តខាងលើនេះក្រឡាប់ បណ្ដាលឲ្យស្ត្រីជាពលករខ្មែរម្នាក់ ឈ្មោះ លៀង សៃណយ អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពលករចំនួន៦នាក់ទៀត រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបាងក្លាវ ខេត្តឆាក់ឈើងសៅ។ ចំណែកឯមូលហេតុ ដែលបង្កឲ្យកើតគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ សមត្ថកិច្ចថៃ កំពុងធ្វើការសាកសួរអ្នកបើករថយន្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕