រាជធានីភ្នំពេញ៖ ក្រោយពីបានស្ងប់ស្ងាត់មួយរយៈ រឿងក្តីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់សញ្ញាត្បូងពេជ្រ ដែលបានធ្វើឲ្យកក្រើកស្រុកខ្មែរនោះ ត្រូវបានអូសបន្លាយអស់ពេលជាច្រើនឆ្នាំ ហើយក៏បានឆ្លងកាត់សវនាការជាច្រើនលើកច្រើនសារផងដែរ តែគេពុំដែលបានឃើញវត្តមានរបស់លោក ថោង សារ៉ាត់នោះឡើយ ។

ទោះជាយ៉ាងណា ថ្មីៗនេះបើតាមការឲ្យដឹង ពីលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រកាសសាលក្រមរឿងក្តីខាងលើនេះ នឹងលើកយកមកសម្រេច នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩នេះ នៅវេលាម៉ោង២រសៀល ដើម្បីប្រកាសសាលក្រមរឿងក្តីនេះ ក្រោយពីបញ្ចប់សវនាការសួរដេញដោល នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩នេះរួចមក ។

រំលឹករឿងរ៉ាវឡើងវិញបន្តិច លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានឃាតកបាញ់សម្លាប់ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើយីហោ ឡោ តិចសេង ស្ថិតនៅក្នុងខណ្ឌចំការមន ដោយតុលាការបានសម្រេចចោទប្រកាន់លោក ថោង សារ៉ាត់ និងអង្គរក្សរបស់លោក ចំនួន៥នាក់ទៀត ដែលត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយពីកើតហេតុប៉ុន្មានថ្ងៃ ៕