ភ្នំពេញ ៖ ស្ងាត់​ៗ លោក Jack Ma មហាសេដ្ឋី​របស់​ចិន និង​ប្រធាន​ក្រុមហ៊ុន Alibaba បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទខ្មែរ ។

វត្តមាន​របស់​មហាសេដ្ឋី​លំដាប់​ពិភពលោក​រូប​នេះ​ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ភ្លាម លោក​បាន​ផ្តល់​កិត្តិយស ឲ្យ​អ្នក​និយម​លេង​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ថតរូប​លោក ។

បើ​តាម​មន្ត្រី​នៅ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា លោក Jack Ma បាន​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប នា​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​បន្ត​ថា លោក Jack Ma មក​ទស្ស​កិច្ច​ខេត្តសៀមរាប​តាម​រយៈ​ក្រុមហ៊ុន ប៊ុ​ន​ម៉ា ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​កំពុង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​គេ​មិនដឹង​ថា លោក​នឹង​ស្នាក់​នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃ និង​គ្រោង​ជួប​មន្ត្រី​ណា នៅឡើយ​ទេ ។

ប្រភព​ព័ត៌មាន​ដដែល​បន្ថែម​ថា នា​ព្រឹក​ថ្ងៃ​ទី​១២ មីនា​នេះ លោក Jack Ma បាន​ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប និង​កំពុង​ទស្សនា​ប្រាសាទអង្គរវត្ត ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​លោក​នឹង​ធ្វើ​ដំណើរ​កំសាន្ត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ចូល​កំសាន្ត​នៅ​រមណីយដ្ឋាន​ភូមិ​ជ្រៃ នា​ក្រុង​ប៉ោយ​ប៉ែ​ត ផង​ដែរ ។

ដោយឡែក ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា លោក Jack Ma ក្រៅពី​មក​ទស្សនកិច្ច​កម្ពុជា ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរណ៍ លោក​ក៏​នឹង​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ផង​ដែរ ៕