ប្រទេសថៃ៖ ប៉ូលិសខេត្តសមុទ្រប្រាកាន បានរាយការណ៍ថា មានការធ្វើអត្តឃាតបានកើតឡើងនៅអគារផ្ទះជួលមួយកន្លែង ស្ថិតនៅជាន់ទី៣ បន្ទប់លេខ៣០៣ គេបានប្រទះឃើញសាកសពបុរសម្នាក់ ឈ្មោះ ប្រាក់ជន លុងតិក អាយុ២៥ឆ្នាំ បានប្រើខ្សែភ្លើង ពណ៌ខ្មៅ ចង.កធ្វើអត្តឃាតនៅទ្វារបន្ទប់ជួល ជាប់នឹងកន្លែងហាលសម្លៀកបំពាក់ ។

សាកសពពុំមានពាក់អាវឡើយ មានត្រឹមតែខោមួយនៅជាប់ចង្កេះ ហើយនៅក្បែរសព មានទូរស័ព្ទសាមស៊ុងមួយគ្រឿង ដោយគេបានឆែកឃើញមាន វីដេអូ Call ជាច្រើនដងទៀតផង ។

នៅបរិវេណពូកដេកគេបានប្រទះឃើញសំបុត្ររបស់សាកសពបានសរសេរលា ទុកឲ្យសាច់ញាតិ ចុងក្រោយថា “ប្រសិនបើអញស្លាប់ទៅ ដុតសព និងយកឆ្អឹងអញផ្ញើឲ្យឪពុកម្តាយអញផង ផ្ទះលេខ១៣០ ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ សុំទោសលោកឪពុក សូមយកឆ្អឹងទុកលើផ្ទះផង ខ្ញុំនឹងត្រលប់ទៅផ្ទះ សុំទោសម្តាយមីង ដែលជួយរូបខ្ញុំគ្រប់យ៉ាង ជួយមើលកូនខ្ញុំផង សុំទោសមនុស្សដែលស្រលាញ់ខ្ញុំ” ។

តាមការរៀបរាប់របស់នារីម្នាក់ អាយុ២៣ឆ្នាំ ជាប្រពន្ធសព បានប្រាប់ថា រូបនាងនិងសព បានរស់នៅជាមួយគ្នា៧ឆ្នាំមកហើយ ហើយមានកូនម្នាក់ អាយុ២ឆ្នាំ ។ មួយរយៈចុងក្រោយនេះ ពួកគេបានឈ្លោះប្រកែកគ្នាជាញឹកញាប់ រឿងផ្ទាល់ខ្លួន និងរឿងគ្រួសារ រហូតធ្វើឲ្យរូបនាង បាននាំកូននិងយកខោអាវចេញពីផ្ទះជួលទៅនៅផ្ទះបងប្រុសរបស់ខ្លួន ចំងាយ៣គីឡូពីផ្ទះដែលប្តីបានចង.កនោះ ។

នាងបានរៀបរាប់ថា ប្តីនាងធ្លាប់បានគំរាមសម្លាប់ខ្លួនម្តងរួចមកហើយ តែខ្លួនបានហាមឃាត់រហូតដល់ថ្ងៃកើតហេតុ គាត់បានព្យាយាមទូរស័ព្ទទៅរកខ្លួនជាច្រើនលើកច្រើនសារ តែនាងមិនព្រមទទួល មិននឹកស្មានថា កើតរឿងបែបនេះឡើយ។

ប៉ូលិសបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះនិងប្រពន្ធ ឈ្លោះប្រកែកគ្នាជាច្រើនលើកច្រើនសារ រហូតឈានដល់ចំណុចមួយអាក់អន់ចិត្តនិងប្រពន្ធរបស់ខ្លួន ក៏ឈានដល់ការធ្វើអត្តឃាតសម្លាប់ខ្លួន ព្រមទាំងសរសេរសំបុត្រលាគ្រួសារ និងឪពុកម្តាយ ។ ប៉ូលិសបានអញ្ជើញប្រពន្ធសព និងម្ចាស់ផ្ទះជួល និងអ្នកពាក់ព័ន្ធផ្សេងទៀតទៅសួរនាំ ដើម្បីដោះស្រាយតាមនិតិវិធី ៕
សហការី KBN
ប្រភព៖ khaosod