អេត្យូពី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 និងកម្មសិទ្ធិរបស់ក្រុមហ៊ុន Ethiopian Airlines របស់ប្រទេសអាហ្វ្រិកកណ្តាលអេត្យូពី បានធ្លាក់ពណ្ដាលឲ្យស្លាប់មនុស្សនៅលើយន្តហោះទាំងអស់១៥៧នាក់ ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។ មុនពេលកើតហេតុ យម្តហោះខាលលើ បានចាកចេញពីអាកាសយានដ្ឋាន Addis Abba ក្នុងរដ្ឋធានី Ethiopia កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ឆ្ពោះទៅកាន់រដ្ឋធានី Nairobi ប្រទេសកេនយ៉ា ដល់តំបន់ Bishoflu ឬ Debre Zeit ចម្ងាយប្រហែល៥០គីឡូម៉ែទ្រ ភាគខាងត្បូងទីក្រុង Addis Ababa ។ ក្រោយពីហោះចេញមកបន្តិច អាកាសយានិកបានព្យាយាមទាក់ទងទៅអាកាសយានដ្ឋាន Addis Ababa ដើម្បីស្នើសុំបកត្រឡប់ក្រោយវិញ ព្រោះពួកគេបានជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួននៃម៉ាស៊ីនយន្តហោះ ដែលពិបាកនឹងដោះស្រាយ។ លុះហោះបានប្រហែល៥០គីឡូម៉ែត្រ នៃភាគខាងត្បូងទីក្រុង Addis Ababa នោះ នៅវេលាម៉ោង៨និង៤៤នាទីព្រឹក ស្រាប់តែធ្លាក់ចុះតែម្តង ។

សេចក្តីប្រកាសរបស់អាកាសចរណ៍បញ្ជាក់ថា អ្នកដំណើរក្នុងយន្តហោះមាន១៤៩នាក់ និងអាកាសយានិក៨នាក់ថែមទៀត គឺស្លាប់ទាំងអស់គ្នា គ្មាននរណាម្នាក់រងរបួស ឬរស់រានមានជីវិតឡើយ ។
អ្នកនៅលើយន្តហោះទាំង១៥៧នាក់នោះ មានចំរុះជាតិសាសន៍ដូចជា ជនជាតិកេនយ៉ាចំនួន ៣២នាក់, កាណាដា ១៨នាក់, អេត្យូពី ០៩នាក់, អេហ្ស៊ីប ០៦នាក់ និងហូឡង់ ០៥នាក់ជាដើម។

ជុំវិញសោកនាដកម្មនេះលោក Gebremariam ជានាយកប្រតិបត្តិ (CEO) របស់អាកាសចរណ៍ខាងលើនេះបានបញ្ជាក់ថា «តាមពិតទៅយន្តហោះ Boeing ខាងលើនេះ ទើបតែបានសម្រាកបីម៉ោងប៉ុណ្ណោះ ក្រោយពីវាបានហោះមកពីទីក្រុងចូហាន់ណែសប៊ឺក នៃប្រទេសអាហ្វ្រិកខាងត្បូង នៅព្រឹកព្រលឹមថ្ងៃកើតហេតុ ប៉ុន្តែក្រុមត្រួតពិនិត្យមុនការហោះហើរ ពុំបានរកឃើញភាពមិនប្រក្រតីអ្វីឡើយ មុនការគ្រោងហោះហើរបន្តទៅកេនយ៉ានោះទេ»។

យន្តហោះដែលធ្លាក់នេះ គឺជាប្រទេយន្តហោះថ្មី ទើបតែត្រូវបានដាក់ឲ្យដំណើរការហោះហើរកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះតែប៉ុណ្ណោះ ។ ប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta ថ្លែងរំលេកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍នេះផងដែរ ៕

សហការី KBN