យោងតាមព័ត៌ចិនស៊ិនហួរ បានផ្សាយថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពនៅតាមព្រំដែនកាស្មៀរ រវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែក្តៅគគុក ដោយមិនទាន់មានសញ្ញាធ្លាក់ចុះនៅឡើយនោះទេ ដោយកម្លាំងទាហានប្រទេសទាំង២ បានបង្កើនវត្តមាននៅតាមព្រំដែនរៀងខ្លួន ហើយអាវុធទំនើបៗជាច្រើន ត្រូវបានបញ្ជូនទៅកាន់ទីនោះទៀតផង ។

បើតាមការឲ្យដឹង កម្លាំងទាហានឥណ្ឌាបានបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ MiG-21 បានធ្លាក់នៅជាយក្រុង Bikaner ចម្ងាយពីព្រំដែនប៉ាគីស្ថានប្រមាណ១០០គីឡូម៉ែត្រ កាលពីរសៀលថ្ងៃទី៨ មិនា ឆ្នាំ២០១៩នេះ ហើយបើតាមការដកស្រង់ព័ត៌មានពីសារព័ត៌មានក្នុងស្រុក Sputnik បានសរសេរថា មន្ត្រីទាហានអាកាសឥណ្ឌា បានប្រកាសថា អ្នកបើកយន្តហោះចម្បាំង MiG-21 បានលោតឆ័ត្រយោងចេញទាន់ពេលវេលា ហើយមូលហេតុនៃការធ្លាក់យន្តហោះខាងលើ ត្រូវបានបើកការស្រាវជ្រាវផងដែរ តែបើតាមមន្ត្រីទាហានបានប្រាប់ថា យន្តហោះខាងលើដែលធ្លាកនោះ អាចបណ្តាលមកពីប៉ះជាមួយសត្វស្លាប ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ កុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានប្រកាសថា យន្តហោះចម្បាំង MiG-21 បានបាញ់ទម្លាក់យន្តហោះប៉ាគីស្ថានមួយគ្រឿង នៅតំបន់ព្រំដែលនកាស្មៀ ហើយជាមួយគ្នានេះ ឥណ្ឌាក៏បានបាត់បង់យន្តហោះចម្បាំង២គ្រឿងផងដែរ ដោយការបាញ់ប្រហារពីទាហានប៉ាគីស្ថាន ។

ស្របពេលដែលប្រទេសទាំង២ កំពុងតែប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងនោះ គេបានធ្វើការសន្និដ្ឋានថា បើសង្គ្រាមនេះឈានដល់ទ្រង់ទ្រាយធំ វាអាចក្លាយទៅជាសង្គ្រាមបរមាណូ ដោយសារតែកងទ័ពប្រទេសទាំង២នេះ ផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក និងបំពាក់ដោយអាវុធទំនើបផងដែរ ។