ប្រទេសថៃ៖ នាង ចាហ្សែល បាប៊ី រ៉ូយ៉ាល់ (Jazell Barbie Royale) បានត្រដាងដៃគ្រវីយ៉ាងរីករាយ និងសម្រក់ទឹកភ្នែក នៅពេលត្រូវបានគេប្រកាសនៅក្នុងទីក្រុងមាត់សមុទ្រប៉ាត់តាយ៉ា ថានាងជាអ្នកគ្រងមកុដបវរកញ្ញាឯកអន្តរជាតិ។

បេក្ខនារីអាមេរិក ចាហ្សែល បាប៊ី រ៉ូយ៉ាល់ (Jazell Barbie Royale) បានគ្រងមកុដបវរកញ្ញាឯកអន្តរជាតិនៅប្រទេសថៃ កាលពីថ្ងៃសុក្រទី៨ ខែមីនា ឆ្នាំ២០១៩ នៅក្នុងការប្រឡងបវរកញ្ញាសម្រាប់នារីកែភេទ ដោយបានក្លាយជាមនុស្សស្បែកខ្មៅដំបូងគេដែលឈ្នះការប្រកួតនេះ ចាប់តាំងពីកម្មវិធីនេះបានចាប់ផ្តើមក្នុងឆ្នាំ២០០៤ មក។

មេដឹកនាំសហគមន៍ និងជាសកម្មជនវីរុសហ៊ីវរូបនេះបានយកឈ្នះលើបេក្ខនារី១៩នាក់ផ្សេងទៀតដែលមកពីជុំវិញពិភពលោក រួមទាំងប្រទេសប្រេស៊ីល ប៉េរូ និងប្រទេសមកពីអាស៊ីមួយចំនួន។
នាង Jazell Barbie Royale បាននិយាយថា នាងសង្ឃឹមថាជ័យជម្នះរបស់នាងនឹងបំផុសគំនិតដល់មនុស្សដែលមានពណ៌សម្បុរផ្សេងគ្នានៅជុំវិញពិភពលោក ឬអាចនិយាយថា “ប្រសិនបើនាងអាចធ្វើវាបាន ខ្ញុំនឹងចូលរួមប្រកួតបវរកញ្ញាឯកអន្តរជាតិនៅឆ្នាំក្រោយ ហើយខ្ញុំនឹងប្រកួតប្រជែងដែរ”។

នាង Jazell Barbie Royale មកពីរដ្ឋផ្លរីដា បានបន្ថែមថា នាងចង់ប្រើប្រាស់ជ័យជម្នះថ្មីរបស់នាងដើម្បីអប់រំអ្នកដទៃអំពីសារៈសំខាន់នៃការធ្វើតេស្តរកវីរុសហ៊ីវ ការរួមភេទដោយសុវត្ថិភាព និងការថែទាំសុខភាពផ្លូវភេទ៕