ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញសំណេះសំណាល និងស្រស់ស្រូបអាហារជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូជាង៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីសំណេះសំណាល និងស្រស់ស្រូបអាហារនៅព្រឹកថ្ងៃនេះ គឺជាកាយវិការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់មួយចំពោះ​សុខទុក្ខរបស់អ្នកធាក់ស៊ីក្លូពី​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

របរធាក់ស៊ីក្លូដែលមានតាំងពីសម័យអាណានិគមបារាំងនោះ បានធ្វើឲ្យអ្នកប្រកបនេះជួបការលំបាកដោយមិនអាចរកអ្នកជិះដូចមុនទៀតនោះឡើយ ព្រោះការសម្បូរបែប​នៃ​មធ្យោបាយធ្វើដំណើរនាពេលបច្ចុប្បន្ន។ ការមិនសូវមានអ្នកជិះធ្វើឲ្យអ្នកធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់នោះ មិនអាចរកបានថវិកាសម្រាប់ទ្រទ្រង់ជីវភាព​ឲ្យបានគ្រប់គ្រាន់នោះឡើយ។

ដោយមើលឃើញពីបញ្ហាប្រឈមរបស់អ្នកធាក់ស៊ីក្លូ ក៏ដូចជាការក្សាអត្តសញ្ញាណស៊ីក្លូ ដែលជាយានមួយរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មូលនិធិត្រីចក្រយានយន្ត» ឬហៅកាត់ថា «មូលនិធិស៊ីក្លូ» កាលពីខែមករា ឆ្នាំ២០១៨។ មូលនិធិនេះសម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិកាប្រមាណ ១៤ម៉ឺនដុល្លារទៅក្នុងមូលនិធិ ហើយបន្តដាក់ប្រាក់ប្រមាណ ២ម៉ឺនដុល្លារក្នុងមួយខែថែមទៀតផង។

មូលនិធិ បានសម្រេចផ្តល់ថវិកាប្រមាណ ៧,០០០រៀលក្នុងមួយថ្ងៃ (៥,០០០រៀលសម្រាប់អាហារ និង២,០០០រៀលសម្រាប់ជួលស៊ីក្លូ) ឬស្មើនឹង ២១ម៉ឺនរៀលក្នុងមួយខែ។ ប្រាក់ឧបត្ថម្ភនេះ បើកជូនរៀងរាល់ ១០ថ្ងៃម្តងតាមប្រព័ន្ធវីង (Wing)។

តាមរយៈមូលនិធិ បានរួមចំណែកដោះស្រាយការលំបាកមួយចំនួនរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ និងជួយឲ្យថវិការកបានដោយលំបាកពីការ​ធាក់ស៊ីក្លូបានសល់សម្រាប់​ទ្រទ្រង់​ជីវភាពផងដែរ។ បើទោះបីជាយ៉ាងណាអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ក៏នៅតែបន្តប្រឈមការលំបាកព្រោះគ្មានកន្លែងសម្រាន្តឲ្យបានសមរម្យ ដោយនៅតែបន្ត​សម្រាន្តនៅតាមស៊ីតាមសំយ៉ាបផ្ទះរបស់គេ។

បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នមូលនិធិស៊ីក្លូ មានសមាជិកសរុប ៣២០នាក់៕