រាជធានី​ភ្នំពេញ ៖ តារា​សម្តែង កុ​ល ដា​វី និង​អ្នកចម្រៀង​សម្បុរ​ខ្មៅ​ស្រអែម សុខ រក្សា បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៩ នេះ ហើយ​ដែល​ចំ​នឹង​ថ្ងៃ​ទិវា​នារី​អន្តរជាតិ តែ​ម្តង ហើយ​ការ​ក្រាប​ផ្ទឹម​នៅ​ពេល​នេះ ដើម្បី​បញ្ចប់​ការ​រិះគន់​ទាំងឡាយ​ថា ពួក​គេ​សាង​ស្នេហ៍​ឥត​ខាន់ស្លា​៧​ឆ្នាំ​ កន្លង​មក​ ។

ពិធី​មង្គលការ​រប​ស់កុល ដា​វី និង​អ្នកចម្រៀង​ផលិតកម្ម​សាន់​ដេ សុខ រក្សា បាន​រៀបចំ​តាម​ប្រពៃណី​ខ្មែរ​នៅផ្ទះ​របស់​នាង បុរី​ជីប​ម៉ុង ខណ្ឌ​សែន​សុខ និង​បន្ត​ទៅ​ធ្វើ​ពិធីជប់លៀង​ធំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ អគារ C ដែល​មាន​ភ្ញៀវ​ប្រមាណ​៥០០​នាក់​ត្រូវ បាន​ហៅ​ឱ្យ​ចូលរួម​ពិសា​ភោជនាហារ និង​ផឹកស៊ី សប្បាយ​រីករាយ​នៅ​រាត្រី​នេះ ​។

កុ​ល ដា​វី បាន​ថ្លែង​ថា “​ខ្ញុំ​ធ្វើ​ពិធី​តាមប្រពៃណី​ទាំងអស់​ហ្នឹង ​នៅផ្ទះ​ខ្ញុំ​បុរី​ជីប​ម៉ុង​លែ​ន ​ជិត​ផ្សារ​អ៊ី​អន​២ ​។ អ្នកកាសែត​អាច​ទៅ​យកព័ត៌មាន​បាន​ដោយ​រីករាយ​ ។ ចំណែក​ពេល​ល្ងាច វិញ ខ្ញុំ​ធ្វើ​ពិធីជប់លៀង​នៅ​កោះ​ពេជ្រ អគារ C ហៅភ្ញៀវ​៥០​តុ (៥០០​នាក់​) ក្នុង​នោះ មាន​អ្នកសិល្បៈ​ពាក់កណ្តាល និង​អ្នក​រកស៊ី ស្គាល់គ្នា រាប់អាន​គ្នា​ពាក់កណ្តាល ​។ ល្ងាច​ហ្នឹង អ្នកកាសែត​ក៏​អាចម​កបាន​ដែរ​ស្វាគមន៍​ទាំងអស់​” ​។

មុន​ថ្ងៃ​ចូលរោងការ​នេះ កុ​ល ដា​វី និង​សុខ រក្សា ក៏​ទទួល​បាន​ចំណងដៃ​ទឹកប្រាក់​ចំនួន៥​ពាន់​ដុល្លារ ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ផង​ដែរ ដែល​ធ្វើ​ឱ្យ​ទាំង ដា​វី និង​រក្សា រំភើប​រីករាយ​ចិត្ត​យ៉ាង​ខ្លាំង ​៕