ខេត្តស្ទឹងត្រែង ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន ស្ទាក់​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​មួយ​ករណី នៅ​ចំណុច​ផ្លូវបំបែក​វ៉ឺ​នខា​ម ស្ថិត​ក្នុងភូមិ​ខាំ​ផាត់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង និង​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មួញ​គ្រឿន​ម្នាក់ និង​ថ្នាំ​ញៀន​ចំនួន​៣៩​កញ្ចប់ ក្នុង​មួយ​កញ្ចប់​តូច​ប្រមាណ​ជា​២០០​គ្រាប់ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ប៊ុ​ន ម៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​ឡាវ រស់នៅ​ក្រុង​វៀង​ចន្ទ​ប្រទេស​ឡាវ ។

ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ប្រាប់​អោយ​ដឹង​ថា ករណី​សមត្ថកិច្ច ស្ទាក់​ឃាត់ខ្លួន​ពេល​ជនសង្ស័យ​ឆ្លង​ព្រំដែន មក​ជួញដូរ​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​.​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា ។

ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕