រាជធានីភ្នំពេញ៖ ក្រោយប្រទះឃើញរូបថតប៉ុន្មានសន្លឹក បង្ហាញពីតារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា សម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រឡាញ់ ទាំងមិនទាន់រៀបការតាមប្រពៃណីនៅឡើយនោះ ធ្វើឲ្យទស្សនិកជន និងអ្នកសិល្បៈ បានសម្តែងនូវការភ្ញាក់ផ្អើលគ្រប់គ្នា ។ តែទោះបីជាយ៉ាងណា គ្រប់គ្នាបានសម្តែងនូវការរីករាយសាទរយ៉ាងខ្លាំង ដែលតារាស្រីរូបនេះ សម្រាលកូនដោយ មានសុខភាពល្អទាំងម្តាយ និងកូន។ តែក័មានអ្នកមិនជឿខ្លះ បានខមិនថា បោកសុទ្ធ បងមិនឃើញពពោះផងនឹង។

តារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា បានសរសេរនៅលើហ្វេសប៊ុករបស់នាងថា៖ Welcome សមាជិកថ្មី 04.03.2019 សំណព្វចិត្តម៉ាក់ៗ ម៉ាក់ជូនពរអោយកូនប្រុសម៉ាក់មានសុខភាពល្អណា! ។

ប្រភពមួយបានឲ្យដឹងថា ពីមុនមក តារាសម្តែង ឡោម លក្ខិណា មិនធ្លាប់បង្ហើបឲ្យដឹងពីគម្រោងរៀបការនោះទេ គឺត្រឹមតែថា នាងមានសង្សារបណ្តូលចិត្តម្នាក់រួចហើយ សង្សារនោះជាអ្នករាំច្រៀងឲ្យផលិតកម្មរៃមាស តោមាស និងផលិតកម្មបុប្ជា ឈ្មោះ ប៉ា ពិសិដ្ឋ។ ពួកនាងបានសាងជីវិតស្នេហាជាមួយគ្នា ដោយមិនទាន់គិតគូរពីរឿងរៀបការនោះទេ ដោយទុកពេលវេលារកលុយឲ្យបានច្រើនជាមុនសិន។

សម្រាប់ការមានបុត្រនេះ អ្នកទាំងពីរសម្រេចចិត្តយក ដោយក្តីរីករាយ និងមានការសាទរពីក្រុមគ្រួសារទៀតផង ដោយគិតថាមិនចាំបាច់ទាល់ការរៀបការហើយ ទើបមានបុត្របាននោះទេ។
ពាក់ព័ន្ធនឹងការ លាតត្រដាងជីវិតឯកជន តាមរយៈការសម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រឡាញ់ បង្ហោះក្នុងបណ្តាញសង្គម ឲ្យមហាជនគ្រប់គ្នាបានដឹងនៅពេលនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះស្ងាត់ៗមិនទាន់រៀបការផង ស្រាប់តែ ឡោម លក្ខិណា សម្រាលកូនកាបែបនេះទៅវិញ៕