រាជធានីភ្នំពេញ៖ យោងតាមការស្រាវជ្រាវ និងចងក្រងរបស់មន្ត្រីក្រសួងការពារជាតិ អំពីប្រវត្តិរូបសង្ខេបរបស់នាយឧត្តមសេនីយ៍ កុយ ប៊ុនថា បានឲ្យដឹងថា៖ លោកកុយ ប៊ុនថា អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥២ ក្នុងគ្រួសារកសិករមួយ នៅភូមិទ្រាសរ ឃុំខ្នារសរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឪពុកនាម ហែម បូ និងម្តាយនាម អ៊ុំ សៀក។ មានបងប្អូនបង្កើតចំនួន៦នាក់ ប្រុស២នាក់ ស្រី៤នាក់ ហើយលោកជាកូនច្បងក្នុងគ្រួសារ ដែលត្រូវទទួលភារកិច្ចដ៏ធំក្នុងគ្រួសារ ។

ជំនាន់សង្គមរាស្រ្តនិយម ក្នុងវ័យកុមារភាព កុមារា កុយ ប៊ុនថា រស់នៅក្នុងបន្ទុកឪពុកម្តាយ និងរៀននៅសាលាបឋមសិក្សាទ្រាសរ ឃុំខ្នារសរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លុះដល់អាយុ១៦ឆ្នាំ យុវជនកុយ ប៊ុនថា បានបន្តការសិក្សានៅវិទ្យាល័យស្រីសន្ធរ ស្ថិតនៅឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងឆ្នាំ១៩៧៣ យុវជន កុយ ប៊ុនថា បានសម្រេចចិត្តចូលរួមជាមួយកងទ័ពរំដោះ ហើយបានទៅហ្វឹកហ្វឺននៅយោធភូមិភាគ៧ ក្នុងប្រទេសវៀតណាម។ លោក កុយ ប៊ុនថា បានចូលរួមជាមួយកងទ័ពរណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។
ក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ លោក កុយ ប៊ុនថា ត្រូវបានតែងតាំងជាមេបញ្ជាការកងវរសេនាតូចលេខ១៨ ឈរជើងនៅខេត្តបាត់ដំបង ។ បន្ទាប់មក បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី យឹម គឹមអូន និងមានកូនចំនួន២នាក់ ប្រុស១នាក់ និងស្រី១នាក់។
លោក កុយ ប៊ុនថា ធ្លាប់ចូលរួមប្រយុទ្ធក្នុងសមរភូមិជាច្រើន ដូចជាសមរភូមិកូបនិម្មិត អម្ពិលប្រាំដើម តាសាញ់ សំឡូត ជំរុំសុខសាន្ត បាត់ដំបង ពោធិសាត់ ប៉ៃលិន និងតាមបណ្តោយខ្សែព្រំដែន និងត្រូវតែងតាំងដំឡើងឋានន្តរសក្តិ ផ្លាស់ប្តូរមុខតំណែង ជាបន្តបន្ទាប់មានដូចខាងក្រោម៖
-ឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២ ប្រធានយោធាខេត្តបាត់ដំបង
-ឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៣ ប្រធានកងពលធំលេខ១៩៦ និងជាអនុលេខាបក្សខេត្តបាត់ដំបង
-ឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៥ លេខាបក្សខេត្តបាត់ដំបង
-ឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៦ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនបដិវត្តកម្ពុជា
-ឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៧ ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនបដិវត្តកម្ពុជា
-ឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៨៨ រដ្ឋមន្រ្តីក្រសួងការពារប្រទេស
-ឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩០ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច
-ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩២ ប្រធានប្រចាំការរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
-ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៥ ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
លោក កុយ ប៊ុនថា បានទទួលមរណភាពដោយរោគាពាធ កាលវេលាម៉ោង១១ និង៣៥នាទីព្រឹកថ្ងៃទី១៥ ខែកមរា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៧ឆ្នាំ នាមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ៕