រាជធានីភ្នំពេញ៖ អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង តារាកំប្លែងដ៏ល្បីឈ្មោះ ប្រចាំក្រុមនាយពាក់មី បានបង្កការភ្ញាក់ផ្អើលកក្រើកដល់ទស្សនិកជនយ៉ាងខ្លាំង កាលពីម្សិលមិញនេះ នៅពេលដែលគេឃើញនាង Live វីដេអូចេញពីផេកផ្លូវការរបស់ខ្លួន បង្ហាញមុខមាត់ដែលមានស្នាមជាំ ដែលទស្សនិកជនខ្លះសង្ស័យថានាងត្រូវប្ដីវាយទៀតផង។

តែយ៉ាងណា នាង ខ្ញុង ហាក់គ្មានអ្វីលាក់បាំងជាមួយទស្សនិកជននិងអ្នកគាំទ្ររបស់ខ្លួននោះទេ ដោយរូបនាង បានបង្ហាញមុខមាត់ដែលមានស្នាមជាំ នៅក្រោមភ្នែកយ៉ាងធំ ថែមទៀតផង។
តាមរយៈវីដេអូ Live នាង ខ្ញុង បានរៀបរាប់បា្រប់ទស្សនិកជនថា ច្រមុះរបស់នាង បានធ្វើរួចរាល់រយៈពេល៧ថ្ងៃហើយ ក៏ប៉ុន្តែគ្រាន់តែមិនទាន់កាត់ចេសតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត នាងខ្ញុងក៏បាននិយាយទៀតថា នាងគ្មានអ្វីត្រូវខ្មាស និងលាក់បាំងអ្នកគាំទ្រ គ្រាន់តែរឿងកែច្រមុះប៉ុណ្ណឹងនោះទេ ព្រោះថានាងចង់ Live ដើម្បីនិយាយលេងជាមួយអ្នកគាំទ្ររបស់ខ្លួន និងសួរសុខទុក្ខពួកគេតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី នាង ខ្ញុង មិនបានបញ្ជាក់ថា នាងកែច្រមុះនៅហាងណានោះទេ។

កាលពីប៉ុន្មានសប្តាហ៍មុន អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានធ្វើឲ្យទស្សនិកជនខ្លះចូលរួមស្រក់ទឹកភ្នែក ដោយនាងបាន Live វីដេអូ លើបណ្តាញសង្គម យំរៀបរាប់ថា៖ «និយាយការពិតទៅ រាល់ថ្ងៃហ្នឹង ខ្ញុំខ្ពើមរអើមនឹងប្តីខ្ញុំខ្លាំងណាស់ គឺខ្ពើមរហូតដល់ថ្នាក់ អត់ចង់ដេកនៅជាមួយគាត់ទេ ព្រោះខ្ញុំដឹងថាគាត់មានស្រីនៅខាងក្រៅ ទៅប្រឡាក់ប្រឡូក ជាមួយស្រីញីនៅខាងក្រៅ ខ្ញុំខ្ពើមម៉ង។

បើគ្រាន់តែចូលខារ៉ាអូខេ ផឹកស៊ី ឱបថើប ធម្មតាខ្ញុំអត់ឃាត់ទេ ទៅចុះ តែនេះវិញ គឺលក្ខណៈចិញ្ចឹម រាប់ខែរាប់ឆ្នាំទៅហើយ ជួលផ្ទះឲ្យនៅ ឲ្យលុយចាយ កន្លែងសប្បាយ ជួបជុំមិត្តភ័ក្តិនាំទៅហើយ ហៅ «ប្រពន្ធ» ពេញៗមាត់។ ខ្ញុំឈឺចាប់ណាស់…ពេលខ្លះខ្ញុំគិតថា ចង់លែងគ្នា តែចិត្តមួយអាណិតកូន មួយទៀតខ្មាស់គេ»៕