បរទេស៖ កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩ គេហទំព័រ South China Morning Post បានចុះផ្សាយវីដេអូឃ្លីបមួយ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ព្រោះបុរសអ្នកមានទ្រព្យជនជាតិចិនម្នាក់ ត្រូវមិត្តស្រីជនជាតិរុស្សី បដិសេធការសុំរៀបការ ដែលបានរៀបចំកម្មវិធីដ៏ធំមួយ រហូតធ្វើឲ្យរូបគេបាក់មុខ នៅចំពោះមុខមហាជនជាច្រើននាក់។

បុរសអ្នកមានស្តុកស្តម្ភខាងលើ ក្រោយពីមិត្តស្រីបដិសេធដូច្នេះ ក៏មានចិត្តខឹងមួរម៉ៅយ៉ាងខ្លាំង ហើយស្រែកឡូឡាផ្អើលគេឯង ដោយហេតុការណ៍នេះ បានកើតឡើងក្នុងក្រុងឆាងសា ខេត្តហួរណាន ប្រទេសចិន ។

បុរសអ្នកមានខាងលើ បានទិញរថយន្តមួយគ្រឿង ម៉ាក Lumberghini ដើម្បីជូនមិត្តស្រីជាជនជាតិរុស្ស៊ី ព្រមទាំងចង់ឲ្យនាងចេញមកជួបនៅមុខហាង ក្នុងគោលបំណងលុតជង្គង់សុំនាងរៀបការ ព្រមទាំងនិយាយពាក្យ “រៀបការជាមួយខ្ញុំមកណា!!!” ។

ទោះជាយ៉ាងណាគំរោងការ បានរលាយដូចអំបិលត្រូវទឹក ក្រោយពីមិត្តស្រីជនជាតិរុស្ស៊ីនោះ បានឆ្លើយប្រាប់ថា “ខ្ញុំសុំទោសមែន ខ្ញុំមិនចង់បានវាឡើយ” ។ បុរសអ្នកមានជាមិត្តប្រុស បានឆ្លើយវិញថា “ខ្ញុំមានលុយ ខ្ញុំអាចទិញរថយន្តឲ្យអ្នកបានជាច្រើនគ្រឿង អ្វីដែលអ្នកចង់បាន រៀបការជាមួយខ្ញុំមក…”។

ទីបំផុតនារីជាមិត្តស្រី នៅតែនិយាយពាក្យថា មិនព្រម ទោះជាបុរសជនជាតិចិនរូបនោះ ព្យាយាមប្រាប់ថាគាត់មានប្រាក់ច្រើន តែនារីជាមិត្តស្រីនោះ សួរវិញថា “អ្នកមានប្រាក់ តើមានអីអស្ចារ្យ?” រួចហើយនាងក៏បានដើរចេញទៅ ទុកឲ្យមិត្តប្រុសរបស់នាង នៅជាមួយក្រុមមិត្តភក្តិរបស់គេ ទាំងក្តីអាម៉ាស ។

ទោះជាយ៉ាងណា ហេតុការណ៍នោះនៅមិនទាន់ចប់ឡើយ បុរសជាអ្នកមានខាងលើ មានការខឹងសម្បារយ៉ាងខ្លាំង រហូតបោះបាច់ផ្កាទៅលើនារីម្នាក់ ដែលឈរថតរូបក្បែរគាត់ ហើយធ្វើទឹកមុខមួរម៉ៅយ៉ាងខ្លាំង ធ្វើឲ្យក្រុមមិត្តភក្តិនាំគ្នាហាមឃាត់រូបគេ កុំឲ្យធ្វើអ្វីផ្តេសផ្តាស់ ៕