សិល្បៈ៖ ខណៈដែលបទចម្រៀងថ្មីៗរបស់នាយ ចឺម ដែលមានចំណងជើងថា «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» កំពុងរងនូវការរិះគន់យ៉ាងចាស់ពីសំណាក់មហាជន ត្រង់ថាបទចម្រៀងមួយបទនេះបានកាឡៃពីបទមរតកដើម ដែលមានចំណងជើងថា «ថ្ងៃដែលអូនចុកឈាម» ឬ«នឹកភូមិភ្នំធំ» សំនៀងដើមរបស់លោកយាយ រស់ សេរីសទ្ធា ស្នាដៃនិពន្ធដោយលោក គង្គ ប៊ុនឈឿន ប៉ុន្តែខាងផលិតកម្មសាន់ដេ បែជាសរសេរថានិពន្ធបទភ្លេងដោយយុវជនជំនាន់ក្រោយទៅវិញ (ក្រោយមកទើបកែដាក់ថា សម្រួលបទភ្លេងដោយ…) ។

ជាមួយគ្នានេះដែរ មុននេះលោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលរបស់​ សមាគមសិល្បករខ្មែរ ក៏បានអំពាវនាវឲ្យខាងផលិតកម្មសាន់ដេ លុបបទចម្រៀង «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ចេញពីទំព័រហ្វេសប៊ុក និងគណនី យូធូប របស់ខ្លួន ។

លោក ហេង ឡុង ក៏បាន សរសេរនៅលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំបាទជាប្រធានក្រុមប្រឹក្សាភិបាលរបស់​ សមាគមសិល្បករខ្មែរ ករណីផលិតកម្មសាន់ដេ​ ដែលបានយកស្នាដៃរបស់លោកពូ​ គង្គ​ ប៊ុនឈឿន​ មកកែមេឡូឌី​ និងទំនុកច្រៀង ខ្ញុំបាទសូមអំពាវនាវដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន​ សូមមេត្តាលុបបទដែលច្រៀងដោយ​ នាយ​ ចឺម​ ​ដែលមានចំណងជើងថា​ «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ចេញពីបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធ youtube ដើម្បីជៀសវាងការប៉ះពាល់ដល់ទឹកចិត្តក្រុមគ្រួសាររបស់លោកបពូ​ គង្គ​ ប៊ុនឈឿន។
សូមលោកអគ្គនាយករបស់ក្រុមហ៊ុនសាន់ដេ មេត្តាពិចារណាសំណើខាងលើដោយក្តីអនុគ្រោះបំផុត។ សូមលោកអគ្គនាយកមេត្តាទទួលការគោរពរាប់អានពីខ្ញុំបាទ» ។

ទន្ទឹមគ្នានេះដែរ លោក មុត ថារី អ្នកដឹកនាំរឿងដ៏ល្បីល្បាញ និងជាកូនប្រសារផ្ទាល់របស់លោក គង្គ​ ប៊ុនឈឿន បានប្រាប់ក្រុមការងារ KBN ឲ្យដឹងមុននេះថា លោកពិតជាសប្បាយចិត្តចំពោះលោក ហេង ឡុង ដែលខ្វល់ខ្វាយចំពោះរឿងខាងលើនេះ ហើយក៏សប្បាយចិត្តប្រសិនបើខាងផលិតកម្មសាន់ដេ លុបបទចម្រៀង «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» មិនបន្តផ្សព្វផ្សាយទៅទៀត ព្រោះលោកពិតជាឈឺចាប់នឹងការមើលងាយ និងមិនឲ្យតម្លៃលើស្នាដៃបទចម្រៀងរបស់ឪពុកក្មេកលោក ក៏ដូចជាបទចម្រៀងមរតកដើមដទៃទៀត ។

លោកបន្តថា ក្រោយពីមានការរិះគន់អំពីបទចម្រៀងមួយបទរបស់នាយ ចឺម នេះ លោក ឡាយ សុខចម្រើន អ្នកចាត់ការទូទៅរបស់ផលិតកម្មសាន់ដេ ក៏បានឆាតទៅសូមទោសលោកផងដែរ តែលោកពុំអាចអារកាតរឿងនេះបានឡើយ ព្រោះគ្រប់យ៉ាងគឺម្ដាយក្មេករបស់លោកជាអ្នកសម្រេច ហើយខណៈនេះដែរ ម្ដាយក្មេករបស់លោក ពោលគឺភរិយារបស់ លោក គង្គ​ ប៊ុនឈឿន ក៏បានរៀបចំពាក្យបណ្ដឹងរួចហើយ ដើម្បីប្ដឹងទៅកាន់ផលិតកម្មសាន់ដេ ទាក់ទងនឹងការមិនឲ្យតម្លៃលើស្នាដៃបទចម្រៀងរបស់ លោក គង្គ​ ប៊ុនឈឿន ទាំងដែលយកមកកាឡៃ ស្រែកច្រៀងបំប៉ោងសំឡេង ព្រមទាំងលុបបំបាត់ឈ្មោះម្ចាស់ស្នាដៃដើមទៀតផង ។

ជាចុងក្រោយលោក មុត ថារី បានសំណូមពរដល់បណ្ដាផលិតចម្រៀងក្នុងស្រុកទាំងអស់ មេត្តាឈប់បន្តយកស្នាដៃបទចម្រៀងមរតកដើម មកកាឡៃច្រៀងឡើងវិញ ព្រោះវាធ្វើឲ្យខូចស្នាដៃរបស់ដូនតា ហើយអ្វីដែលសំខាន់ គឺការលួចចម្លងដូចនេះវាមិនបានធ្វើឲ្យវិស័យចម្រៀងខ្មែររីកចម្រើនបានឡើយ ព្រោះវាដដែលៗ ធ្វើឲ្យយុវជនក្រោយគ្មានគំនិតធ្វើអ្វីដែលថ្មីទេ ៕

សហការី KBN