គម្រោងសាងសង់សួនត្រីក្រោមទឹកដំបូងគេ តម្លៃ៧០លានដុល្លារ លើផ្ទៃដី ១០០ហិកតា គ្រោងនឹងបើកការដ្ឋាន នៅខែក្រោយ នៅខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការលើកឡើងនៅក្នុងជំនួបពិភាក្សាការងារមួយ រវាងអភិបាលខេត្តសៀមរាប ជាមួយក្រុមហ៊ុន Angkor Wildlife និងក្រុមហ៊ុន Aquarium Co.Ltd កាលពីពេលថ្មីៗនេះ ភាគីម្ចាស់គម្រោងបានបញ្ជាក់ថា ការវិនិយោគគម្រោងនេះ ធ្វើឡើងស្របពេលដែលខេត្តសៀមរាប កំពុងក្លាយជាគោលដៅទេសចរណ៍ បែបវប្បធម៌និងធម្មជាតិ របស់ភ្ញៀវទេសចរបរទេស ដើម្បីមកលំហែកាយ ហើយកំណើនភ្ញៀវទេសចរ បានកើនឡើងជារៀងរាល់ឆ្នាំ។

លោកបន្តថា គម្រោងនេះ ស្ថិតក្រោយការវិនិយោគរួមគ្នា រវាងវិនិយោគិនកម្ពុជានិងជប៉ុន ក្នុងទំហំទឹកប្រាក់ជាង៧០លានដុល្លារអាមេរិក លើផ្ទៃដី១០០ហិកតា ដើម្បីសាងសង់ជលវប្បដ្ឋានត្រីទឹកសាប ព្រមទាំងជម្រកអភិរក្សសត្វព្រៃដ៏កម្រ ដែលប្រឈមជិតផុតពូជ ស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ការបង្កើតឱ្យមានជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយ របស់ខេត្តសៀមរាបសម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងដែលអាចអោយភ្ញៀវទេសចរ អាចស្នាក់នៅ និងបន្ថែមកញ្ចប់ចំណយ ក្នុងក្រុងសៀមរាបបានយូរថ្ងៃ ។

គួរបញ្ជាក់ថា គម្រោងសាងសង់ជលវប្បដ្ឋាននេះ នឹងត្រូវចែកចេញការវិនិយោគ ជាបីដំណាក់កាល ក្នុងទំហំទឹកប្រាក់៧០លានដុល្លារ ដោយក្នុងជំហ៊ានដំបូង ប្រើប្រាស់ថវិកា២០លានដុល្លារ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០។

គួររំលឹកដែរថា ក្នុងឆ្នាំ២០១៨កន្លងទៅ តំបន់ទេសចរណ៍ប្រាសាទអង្គរវត្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២លាន៥សែននាក់ ដោយទទួលបានប្រាក់ចំណូលជាង១០០លានដុល្លារពីការលក់សំបុត្រ ចូលទស្សនាប្រាសាទនានា ហើយភ្ញៀវទេសចរអន្តរជាតិភាគច្រើនមកពីប្រទេស ចិន កូរ៉េ និងប៉ែកអ៊ឺរ៉ុប ហើយជាគោលដៅរបស់រដ្ឋាភិបាល នឹងបន្តទាក់ទាញភ្ញៀវទេសចរ អោយកើនដល់៧លាននាក់ក្នុងឆ្នាំ២០២០៕