សិល្បៈ៖ មុននេះបន្តិចផលិតកម្មសាន់ដេ បានបញ្ចេញបទថ្មីរបស់នាយ ចឺម ជាផ្លូវការដែលមានចំណងជើងថា «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» ដែលអត្ថន័យនៃបទចម្រៀងមួយបទនេះចង់បង្ហាញពីជីវិតយុវជនក្រីក្រម្នាក់ ដែលខំស្រឡាញ់នារីកូនអ្នកមានម្នាក់ តែបែជាទទួលបាននូវពាក្យដៀលត្មេះគ្រប់បែបយ៉ាងពីសំណាក់ឪពុកម្ដាយគ្រួសារខាងស្រីទៅវិញ ។

ទន្ទឹមគ្នានេះដែរ អ្វីដែលមហាជនចាប់អារម្មណ៍ទៅលើបទចម្រៀងមួយបទនេះគឺ Melody ដែលចម្លងពីបទចម្រៀងមរតដើម ច្រៀងដោយលោកស្រី រស់ សេរីសុទ្ធា មានចំណងជើងថា «នឹកភូមិភ្នំធំ» ដោយគ្រាន់តែកែចង្វាក់ភ្លេងបន្តិចប៉ុណ្ណោះ ប៉ុន្តែបែជាខាងផលិតកម្មសាន់ដេ ពុំបានដាក់ថា «មរតកដើម» ឡើយ ដែលជាហេតុធ្វើឲ្យមានការរិញគន់យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សូម្បីតែលោក ចាន់ សំណាង ហៅឌីជេ ក្ដឹប ក៏បានរិះគន់ខ្លាំងៗទៅលើផលិតកម្មមួយចំនួននៅក្នុងស្រុកខ្មែរ ដែលយកស្នាដៃបទចម្រៀង មរតកដើម មកកាឡៃធ្វើថ្មី ព្រមទាំងមិនបានដាក់ឈ្មោះម្ចាស់ស្នាដៃ ខណៈដែលម្ចាស់ស្នាដៃនៅមានជីវិតនៅឡើយ ហើយលោកបានអះអាងថា នឹងរិះគន់ដាច់ខាតទៅលើសកម្មភាពដូចនេះ ៕

សហការី KBN