ខេត្ត​កែប ៖ ការិយាល័យ​នាវាចរ​គយ​នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស បាន​ធ្វើការ​បង្ក្រាប​និង​ចាប់​ឃាត់​បាន​ទូក​ដឹក​បារី​គេចពន្ធ​មួយ​គ្រឿង ដែល​ផ្ទុក​បារី​ចំនួន​១,១២៩ កា​តុង នៅ​ចំណុច​ចន្លោះ​កោះ​ពោធិ៍ និង​កោះ​អាចម៍សេះ ស្ថិត​ក្នុង​ខេត្ត​កែប ។

យោង​តាម​បណ្ដាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក របស់​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ការិយាល័យ នាវាចរ​គយ​ធ្វើការ​បង្ក្រាប​អំពើ​គេចពន្ធ​នេះ បន្ទាប់​ពី​ទទួល​បាន​នាវា​ល្បាត​គយ ចំនួន​ពីរ​គ្រឿង​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល ជប៉ុន​ផ្តល់​ជូន​រាជរដ្ឋាភិបាល កម្ពុជា ក្រោម​កម្មវិធី​អភិវឌ្ឍ កាលពី​ថ្ងៃ​ទី ២៥ ខែមករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដូចដែល​បាន​គូសបញ្ជាក់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ នាវា​ល្បាត​គយ លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី បាន​រំពឹង​ថា​ការ​បំពាក់​នាវា​ល្បាត​គយ ចំនួន ២​គ្រឿង​នេះ នឹង​ចូលរួម​ចំណែក យ៉ាង​សំខាន់​បន្ថែម​ទៀត​ក្នុង​ការ ពង្រឹងសមត្ថភាព និង​ប្រសិទ្ធិ​ភាព​ក្នុង​ការ​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ នៅ​ក្នុងភូមិ​សាស្ត្រ​សមុទ្ទ​និង តំបន់ឆ្នេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​អាច​ចូលរួម​ក្នុង​ការ​ពង្រឹង​សន្តិសុខ​លំហរ សមុទ្ទ​កម្ពុជា​ផង​ដែរ​៕