រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​យក្ស​ដឹក​កុងតឺន័រ និង​ថែម​ឥ​វ៉ា​ន់​យ៉ាង​សន្ធឹក​ប​ន្ធា​ប់​ទៀត បាន​ចូល​ក្រុង​ទាំង​ព្រឹក នៅ​វេលា​ម៉ោងជាង​៧ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឱ្យ​មានការ​កកស្ទះ និង​ដោយសារ​រថយន្ត​ខាងលើ​ធ្វើ​ឱ្យ​បាក់ដៃ​ស្ពាន​ថែម​ទៀត ។

​រថយន្ត​ដឹក​ទំនិញ​ធុនធំ​ចូល​ក្រុងបង្ក​ឲ្យ​ស្ទះចរាចរណ៍​ទាំង​ព្រឹក​នេះ​ ហាក់ដូចជា​បម្រាម​របស់​សាលា​រាជធានី​គ្មាន​ប្រសិទ្ធភាព​អ្វី​សោះ ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ បាន​សួរ​គ្នា​ថា តើ​ឯណា​ទៅ​ប្រសិទ្ធភាព​បម្រាម​រថយន្ត​ធំ​ៗ​ចូល​ក្រុង​នោះ ? គេ​បានដឹង​ថា បើ​យោង​តាម​បម្រាម​រថយន្ត​ធុន​ធំ អាច​ចូល​ក្រុង​បាន​ចាប់ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៥​ភ្លឺ ហើយ​ក្រោយមក​ដូរ​ឱ្យ​ចូល​បាន​ចាប់ពី​ម៉ោង​៨​យប់ ប៉ុន្តែ​រថយន្ត​ទាំងនោះ​បាន​បោល​ចូល មក​បន្តកន្ទុយ​គ្នា គ្មាន​លស់​ពេល ដែល​ជា​ធម្មតា​ចរាចរណ៍​ក្នុង​ក្រុង​មានការ​មមាញឹក​បំផុត ចាប់ពី​វេលា​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​៨​យប់ ។ ហេតុ​អ្វី​បានជា​ច្បាប់​មិន​ត្រូវ​បាន​អនុវត្តន៍ ឬ​មន្ត្រី​នគរបាល​ចាំ​ចាប់​តែ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ឬ​អត់​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ ចុះ​ចំពោះ​រថយន្ត​ធំ​ៗ​ដែល​បើក​បំពាន​ច្បាប់ ម៉េច​ក៏​មិន​ទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ​ណាមួយ​អើពើ​ពី​បញ្ហា​នេះ​ដែរ ប្រហែលជា​យល់​ថា បញ្ហា​តូចតាច ?

ប្រជាពលរដ្ឋ​ខ្លះ​ចាត់​ទុក​ថា ក្រុម​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ និង​រថយន្ត​កុងតឺន័រ មាន​អំណាច​ខ្លាំង​ជាង​អាជ្ញាធរហើយមើលទៅ ទើប​បង្ក​ព្យុះ​ភ្លៀង​ស្រេច​តែចិត្ត​បែប​នេះ ៕