មណ្ឌលគិរី ៖ សព​ដំរីព្រៃ​១​ក្បាល ដែល​មន្ត្រី​ឧទ្យាន​នុ​រក្ស​ប្រទះ​ឃើញ ក្នុង​ចំការ​ស្វាយចន្ទី​របស់​ប្រជាពលរដ្ឋ ស្ថិត​ក្នុងភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា នោះ​គឺ​​​ដោយសារ​គ្រាប់កាំភ្លើង​កែ​ច្នៃ​របស់​ព្រានព្រៃ​បាញ់ប្រហារ ។

នៅ​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៩ នេះ​លោក ឌិន ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា សព​សត្វ​ដំរី​ឈ្មោល​នេះ គឺ​​ងាប់ដោយសារ​គ្រាប់កាំភ្លើង​កែ​ច្នៃ តែ​ពុំ​ទាន់​ដឹង​ថា គ្រាប់កាំភ្លើង​កែ​ច្នៃ​នោះ មាន​ពិស ឬ​ក៏​អត់​នោះ​ទេ ខណៈ​កំពុង​យក​គ្រាប់​នោះ​ទៅ​ធ្វើការ​ពិសោធន៍​នៅឡើយ ។

ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ជាបឋម​ទៅ​លើ​សព​សត្វ​ដំរី ក្រុម​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា មាន​ស្នាម​គ្រាប់កាំភ្លើង​១​គ្រាប់​ទម្លុះ​ចំ​ក្បាល ប្រវែង​ប្រហែល​១​ច​ង្អា​ម​ពី​ភ្នែក ។ តែ​ទោះជា​យ៉ាងណា​ដំរី​មួយ​ក្បាល​នេះ​មិនមែន​គេ​សម្លាប់​កាត់​យក​ភ្លុក​ទេ ព្រោះ​ជា​ប្រភេទ​សត្វ​ដំរីស្តរ មិន​ទាន់​មាន​ភ្លុក​ឡើយ ។

បច្ចុប្បន្ន មន្ត្រី​ជំនាញ​កំពុង​តាមដាន និង​ស្រាវជ្រាវ ដើម្បី​វែកមុខ​ជន​ពាក់ព័ន្ធ ជាមួយ​ការ​បាញ់​សត្វ​ដំរី​នេះ​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ។

សូម​រម្លឹក​ថា សព​សត្វ​ដំរី​ឈ្មោល​១​ក្បាល ត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យាន​នុ​រក្ស​ប្រទះ​ឃើញ នៅ​វេលា​យប់​ជ្រៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ លុះ​ឈាន​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ដំរី​មួយ​ក្បាល​នេះ មាន​ទម្ងន់​ប្រហែល​២​តោន និង​មាន​កម្ពស់​២,៧០​ម៉ែត្រ ប្រវែង​៤,៥០​ម៉ែត្រ ទទឹង​១,៥០​ម៉ែត្រ ៕