ភ្នំពេញ ៖ យុវជន​យុវនារី​ជាង​៣០០​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​មជ្ឈមណ្ឌល​រ៉ុ​ក កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៩ នោះ ត្រូវ​បាន​ដោះ​លែងមួយ​ចំនួន​ធំ​ហើយ និង​ឲ្យ​ទៅ​យក​យានយន្ត​របស់​ខ្លួនវិញ​ នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក ។

ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាតិ​ឲ្យ​មនុស្ស​ជាង២០០​នាក់ ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយការ​អនុញ្ញាតិ​ឲ្យ​​ទៅ​ផ្ទះ​វិញ​នោះ ក៏​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ នេះ ​នៅ​សល់​តែ​មនុស្ស​តែ​៥៤​នាក់​ប៉ុណ្ណោះ កំពុង​ឃាត់ខ្លួននៅឡើយ ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ស្ថិត​នៅ​ផ្លូវ​ជា សុ​ផា​រ៉ា ។

យុវជន​ជាង​២០០​នាក់ដែលត្រូវដោះលែង​​នោះ សមត្ថកិច្ច​ក៏​បានអនុញ្ញាតិ​អោយទៅ​យក​យានយន្ត​របស់​ខ្លួន​វិញ ដែល​បាន​ឃាត់​ទុក​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​កាត​គ្រី​សម្គាល់​យានយន្ត និង​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ​ទើប​ប្រគល់​ឲ្យ​វិញ​ ។

យ៉ាងណា​ មនុស្ស​នៅសល់​៥៤​នាក់​ទៀត​ សមត្ថកិច្ច​កំពុង​សួរនាំ​បន្ថែម​ទៀត ដើម្បី​ចម្រាញ់​ទុក​សម្រាប់​បញ្ជូន​ទៅ​តុលាការ រួម​និង​គ្រឿងញៀន​ប្រមាណ​៥០​គីឡូក្រាម ។

សូម​រម្លឹក​ថា កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៩ សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ ឆ្មក់​បង្ក្រាប​ករណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប​មាន​ចំនួន​៣១២​នាក់ មាន​ជនជាតិ​ចិន​១៤​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​ជាង​៣៩​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក ៩​គីឡូ​២​ខាំ ជញ្ជីង​ថ្លឺ​ង​គ្រឿងញៀន​១២ និង​កាំភ្លើងខ្លី​១​ដើម ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក (Rock) នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក​ស ថេ​ត បាន​បង្ហោះ​សារ​ថា “​ឯកឧត្តម​ស្នងការ បាន​ធ្វើការ​បញ្ជាក់​ថា ការ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន និង​ធ្វើ​កំណត់ហេតុ​ទៅ​លើ​យុវជន យុវនារី ជាង​៣០០​នាក់ កំពុង​តែ​ដំណើរការ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ភាគច្រើន​សុទ្ធតែ​រក​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ។ សមត្ថកិច្ច​ជំនាញ កំពុង​មមាញឹក​បំពេញការងារ​នេះ ហើយ​សន្និសីទកាសែត នឹង​ធ្វើ​នៅ​ពេល​ការងារ​បញ្ចប់ ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ​ដែល​ដកហូត​បាន​សរុប​ទៅ​មិន​តិច​ជាង​៥០​គីឡូក្រាម​ឡើយ​” ៕