រាជធានី​ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​កផេក ​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវ​ជនអនាមិក(Hacker) ចូល​គ្រប់គ្រង នៅ​វេលា​ម៉ោង​ប្រមាណ​ជាជិត១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​ពួក​គេ​លួច​ចូល​ហើយ បាន​លុប​ទិន្នន័យ​ជា​បន្តបន្ទាប់ និង​និង​បង្ហោះ​ព័ត៌មាន​មិន​ពិត ។

ខណៈជនអនាមិកកំពុងគ្រប់គ្រងនោះ​ បាន​សរសេរ​នៅ​លើ Facebook ផ្លូវការ​របស់​សម្តេច​តេ​ជោ យ៉ាង​ដូច្នេះ​ថា ​៖ «​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក បាន​លុប និង​ព្យាយាម​បិទ​គណនី​របស់ខ្ញុំ​ ។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅ​វិញ​ថា “បើ​អ្នកឯង​ហ៊ាន​បិទ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ ខ្ញុំ​និង​បិទ​លែង​ឲ្យ​ប្រើ​ហ្វេ​ស​ប៊ុ​ក​នៅ​ស្រុក​ខ្មែរ​” ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​អំពី​ការ​ចូល Hack នេះ​ថា «នៅ​មុន​នេះ​បន្តិច មាន​ក្រុម​ឧក្រឹដ្ឋ​កម្ម​បច្ចេកវិទ្យា (Hacker) បាន​ចូល​មក​លួច Account Facebook ខ្ញុំ ហើយ​បាន​លួច​លុប​ទិន្នន័យ​ព័ត៌មាន​អស់​មួយ​ចំនួន​ធំ ។ ពេល​នេះ ខាង​ក្រុមហ៊ុន Facebook កំពុង​សើ​ប​អង្កេត​ជន​អគតិ ដែល​មាន​ចេតនា​អាក្រក់​បំពុល និង​បំផ្លាញ​ព័ត៌មាន​ នៅ​ក្នុង​សង្គម​ជាតិ​យើង» ។

បើ​តាម​សង្កេត​មើល នៅលើផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឃើញ​ថា ទិន្នន័យ​មួយ​ចំនួន​ត្រូវ បាន​លុប​បាត់​អស់​ជា​ច្រើន នៅ​សល់​រូបភាព​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ តែ​ប៉ុណ្ណោះ ។

ទាក់ទិន​នឹង​ករណី​នេះ​ដែល យើង​មិន​ទាន់​មានការ​បកស្រាយ​អំពី​ព័ត៌មាន​នេះ ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន បាន​ទេ ៕