ខេត្តឧត្ដរមានជ័យ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការអនុវត្តដីកាជាមួយកម្លាំងនគរបាលខេត្តកំពត និង នគរបាលខេត្តឧត្តរមានជ័យ បានបន្ដបើកប្រតិបត្តិការ រួមគ្នាតាមបង្ក្រាបក្រុមចោរលួចរថយន្ដតាមបណ្ដាខេត្ត បានចំនួន៣នាក់បន្ថែមទៀត ខណៈម្នាក់ទៀតកំពុងតាមរុករក នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ស្ថិតភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចតាមបង្ក្រាបទាំង៣នាក់នោះ រួមមាន៖ ទី១៖ ឈ្មោះ នួន យាន អាយុ៣៦ឆ្នាំ ទី២៖ ឈ្មោះ ស៊ុម ហយ ហៅពេជ្រ អាយុ២១ឆ្នាំ និងទី៣៖ឈ្មោះ ស៊ុម ង៉ុយ អាយុ៤៣ឆ្នាំ ។ ពួកគេត្រូវបានចាប់ខ្លួននៅចំណុចផ្ទះជួល ស្ថិតភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទលួចមានស្ថានទម្ងន់ (ក្រុមលួចរថយន្ត) ។
ជនសង្ស័យត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សូមរំលឹកថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្នុងនោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុំ ហ៊ីន អាយុ១៨ឆ្នាំ កំណើតភូមិយស់ ឃុំប្ញស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ននៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ រឹបអូសរថយន្តហាយឡែនឌ័រ១គ្រឿង។

បន្ទាប់មកទៀត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ា ឌីឡា អាយុ២៥ឆ្នាំ នៅភូមិគគី ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបានរថយន្ត RX300 ពណ៌ស ១គ្រឿង និងសង្ស័យម្នាក់ឈ្មោះ ជុំ លីមសុង ហៅហ្គោ អាយុ៣១ឆ្នាំ កំណើតភូមិអូរលាវ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
រថយន្តដែលក្រចេះរឹបអូសបាន ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនម្ចាស់ដែលមានទីលំនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ វិញហើយ៕