ខេត្តកណ្តាល៖ ស្ទើតែជារឿងធម្មតាទៅហើយ ល្បែងឆ្នោតកន្ទុយលេខ ត្រូវបានគេចាត់ទុកជាល្បែងដែលមានប្រជាប្រិយបំផុតមួយ ក្នុងប្រទេសកម្ពុជា ដោយសារតែល្បែងនេះបានរីកដុះដាលដូចផ្សិត រាប់ឆ្នាំកន្លងមកហើយ ហើយក៏គ្មានសមត្ថកិច្ចណាអាចបោសសំអាត ឲ្យអស់បាននោះដែរ គឺដូចជាវែកចកអញ្ចឹង ។

ក្រឡេកមើលទៅក្រុងតាខ្មៅវិញ មួយរយៈនេះ គេសង្កេតឃើញថា ល្បែងកន្ទុយលេខបានរីករាលដាល និងកើតឡើងដូចផ្សិត ហើយស្រាប់តែគេឃើញក្រុមជនស៊ីវិលជាង១០នាក់ ប្រដាប់ដោយម៉ូតូធំ និងរថយន្តអត់ស្លាកលេខ បានជិះធ្វើព្យុះធ្វើភ្លៀង ដើរសម្លុតកន្លែងមេកន្ទុយលេខខុសច្បាប់ ដោយគំរាមថា ពួកគាត់គឺជាសមត្ថកិច្ច បើមិនចូលរួមលួចកត់ឲ្យពួកខ្ញុំទេ ពួកខ្ញុំនឹងចាប់ភ្លាម ។

ទោះជាយ៉ាងណា មហាជនបានខ្សិបតៗគ្នាថា សម័យនេះទៅហើយ នៅមានអ្នកដើរគំរាមបែបនេះទៀត ហើយប្រទេសមិនមែននៅក្នុងសម័យសង្គ្រាមដូចមុនឯណា? ប្រសិនបើលោកសមត្ថកិច្ចដើរអនុវត្តច្បាប់មែន ម៉េចក៏មិនចុះទៅបង្ក្រាបមេកន្ទុយលេខទាំងអស់តែម្តងទៅ ចាំបាច់ដើរគំរាមគេឲ្យចូលដៃចូលជើងជាមួយខ្លួនធ្វើអី ? ឬមួយក៏ពួកគាត់ធ្វើបែបនេះ ដើម្បីលុយចូលក្នុងហោប៉ៅរបស់ខ្លួននិងបក្សពួក ?

ដោយសារតែល្បែងកន្ទុយលេខ ក៏ដូចជាល្បែងស៊ីសងផ្សេងទៀត កំពុងតែបន្តរីកដូចផ្សិត នៅក្រុងតាខ្មៅ ខេត្តកណ្តាល ទើបមហាជនជាច្រើន ក៏បានសំណូមពរទៅលោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយមានវិធានការ បង្ក្រាបល្បែងស៊ីសងឆ្នោតកន្ទុយលេខវៀតណាម ឲ្យអស់ពីតំបន់របស់ខ្លួនដែលអាចធ្វើទៅបាន និងចាត់វិធានការលើអ្នកដែលបានដើរសម្លុតគេ ដោយតាំងខ្លួនជាសមត្ថកិច្ចផង តាំងខ្លួនជាមេឆ្នោតផង ព្រោះអំពើចោរកម្ម អាចកើតឡើងទន្ទឹមគ្នាជាមួយនិងល្បែងស៊ីសងផងដែរ ។

ពាក់ព័ន្ធជាមួយនិងបញ្ហាខាងលើេនះ លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងតាមប្រព័ន្ធ Whatapp ថា សូមឲ្យប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ បើឃើញទង្វើបែបនេះកើតឡើង លោកនឹងបញ្ជាកម្លាំងចុះទៅឃាត់ភ្លាម ហើយលោកបន្ថែមទៀតថា សូមឲ្យប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់បទល្មើសកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

ដកស្រង់ពី៖ សារព័ត៌មានដើមរាំង